ទ្រង់យាងចេញសាងព្រះផ្នួស
ព្រះពោធិសត្វឃើញទេវទូតទាំង៤
កាល សម័យខាងក្រោយមក ព្រះពោធិសត្វទ្រង់ស្ដេចយាងទៅក្រសាលឧទ្យានជាមួយឆន្នអាមាត្យ ទ្រង់បានប្រទះឃើញនូវបុរសដែលមានភាពជរា សក់ស្កូវ ខ្នងកោង កាន់ឈើច្រត់ កំពុងដើរក្នុងឧទ្យាននោះ ក៏ឆ្ងល់ក្នុងព្រះចិន្ដា ទើបសួរអាមាត្យថា «នែនាយសារថី សម្លាញ់ស្មើចិត្តអើយ ចុះបុរសនេះធ្វើដូចម្ដេចបានជាសក់គាត់មិនដូចសក់អ្នកឯទៀត ទាំងកាយគាត់ក៏មិនដូចកាយអ្នកឯទៀតដែរ ?» ។
នាយសារថីៈ «បពិត្រព្រះសម្មតិទេព នេះឯងហៅថា បុរសចាស់» ។
ព្រះពោធិសត្វៈ «នែនាយសារថី ចុះដូចម្ដេចបុរសនុ៎ះបានជាឈ្មោះថា បុរសចាស់ ?»។
នាយសារថីៈ «បពិត្រព្រះសម្មតិទេព ឯបុរសនេះបានជាឈ្មោះថាបុរសចាស់តពីនេះទៅនុ៎ះ គាត់នឹងមិនរស់នៅយូរប៉ុន្មានទៀតទេ» ។
ព្រះពោធិសត្វៈ «ចុះតើយើងចាស់ដែរទេ ?» ។
នាយសារថីៈ «បពិត្រ ព្រះសម្មតិទេព មនុស្សទាំងអស់គ្នា ទោះព្រះអង្គក្ដី យើងខ្ញុំទាំងឡាយក្ដី សុទ្ធតែមានសភាពជរាជាធម្មតា មិនកន្លងសេចក្ដីចាស់ទៅបានទេ» ។
ព្រះពោធិសត្វក៏ត្រលប់មកពីឧទ្យានមកវិញ ទ្រង់ឡើងកាន់ប្រាសាទត្រិះរិះថា «ថ្វឺយ អើហ្ន៎សភាវៈចាស់ជរាតែងមានប្រាកដដល់សត្វលោកដែលកើតហើយ» ។
បួនខែក្រោយមកទៀត ព្រះពោធិសត្វទ្រង់យាងទៅកាន់ឧទ្យានម្ដងទៀត ក៏ប្រទះឃើញនូវមនុស្សមានជំងឺហើយសួរនាយសារថីថា «នែ នាយសារថី ចុះបុរសនេះ មានហេតុដូចម្ដេចបានជាភ្នែករបស់គាត់មិនដូចជាភ្នែករបស់ជនដទៃ ទាំងក្បាលរបស់គាត់ក៏មិនដូចក្បាលនៃជនដទៃ ?» ។
នាយសារថីៈ «បពិត្រព្រះសម្មតិទេព បុរសនុ៎ះឈ្មោះថា បុរសឈឺ» ។
ព្រះពោធិសត្វៈ «ចុះបុរសនុ៎ះធ្វើដូចម្ដេចនឹងឲ្យរួចចាកជំងឺនោះបាន តើយើងមានជំងឺដូចគេដែរទេ ?» ។
នាយសារថីៈ «បពិត្រ ព្រះសម្មតិទេព មនុស្សទាំងឡាយគ្រប់គ្នា ទោះព្រះអង្គក្ដី ទោះយើងខ្ញុំទាំងឡាយក្ដី សុទ្ធតែជាអ្នកមានជំងឺជាធម្មតា មិនកន្លងសេចក្ដីឈឺទៅបានឡើយ» ។
ព្រះពោធិសត្វក៏ត្រលប់មកកាន់រាជនិវេសន៍វិញ ហើយយាងឡើងទៅកាន់ប្រាសាទត្រិះរិះថា «ថ្វឺយ អើហ្ន៎ ជរាតែងមានប្រាកដ ព្យាធិតែងមានប្រាកដដល់សត្វលោកដែលកើតហើយ» ។
បួនខែខាងក្រោយមកទៀត ព្រះពោធិសត្វយាងទៅក្រសាលឧទ្យានក៏ជួបប្រទះឃើញមនុស្សស្លាប់ ក៏សួរនាយសារថីថា «តើមហាជន កំពុងសែងបុរសនុ៎ះធ្វើអ្វី ?» ។
នាយសារថីៈ «បពិត្រព្រះសម្មតិទេព បរុសនុ៎ះឈ្មោះថា ធ្វើមរណកាលហើយ» ។
ព្រះពោធិសត្វៈ «ចុះបុរសនុ៎ះដូចម្ដេចបានជាហៅថាធ្វើមរណកាល ?» ។
នាយសារថីៈ «បពិត្រ ព្រះសម្មតិទេព បុរសនុ៎ះឯង បានជាឈ្មោះថា ធ្វើមរណកាលព្រោះថា ក្នុងកាលឥឡូវនេះ មាតាក្ដី បិតាក្ដី ញាតិសាច់សាលោហិតទាំងឡាយក្ដី លែងឃើញបុរសនោះ ហើយទាំងបុរសនោះសោតក៏លែងឃើញមាតាបិតា និងញាតិសាច់សាហោហិតទាំងឡាយដទៃដែរ» ។
ព្រះពោធិសត្វៈ «នែនាយសារថី តើយើងស្លាប់ដែរទេ ?» ។
នាយសារថីៈ «បពិត្រ ព្រះសម្មតិទេព មនុស្សទាំងឡាយគ្រប់គ្នា ទោះព្រះអង្គក្ដី យើងខ្ញុំទាំងឡាយក្ដី សុទ្ធតែមានសេចក្ដីស្លាប់ជាធម្មតា មិនកន្លងសេចក្ដីស្លាប់ទៅបានឡើយ» ។
ព្រះពោធិសត្វត្រលប់ពីឧទ្យានឡើងកាន់ប្រាសាទពិចារណត្រិះរិះថា «ថ្វឺយ អើហ្ន៎ ជរាតែងមានប្រាកដ ព្យាធិតែងមានប្រាកដ មរណៈតែងមានប្រាកដដល់សត្វលោកដែលកើតហើយ» ។
បួនខែខាងក្រោយមកទៀត ព្រះពោធិសត្វយាងទៅក្រសាលឧទ្យានទៀត ក៏បានឃើញភេទបព្វជិត ក៏សួរនាយឆន្នអាមាត្យថា «នែ នាយសារថី ចុះបុរសនុ៎ះហេតុដូចម្ដេចបានជាក្បាលរបស់គាត់មិនដូចជាក្បាលពួក ជនដទៃ ទាំងសំពត់របស់គាត់ ក៏មិនដូចជាសំពត់ជនដទៃដូច្នេះ ?» ។
នាយសារថីៈ «បពិត្រព្រះសម្មតិទេព បុរសនុ៎ះឯងឈ្មោះថា ជាអ្នកបួស» ។
ព្រះពោធិសត្វៈ «ចុះបុរសនុ៎ះហេតុដូចម្ដេចបានជាឈ្មោះថា ជាអ្នកបួស ?» ។
នាយសារថីៈ «បពិត្រ ព្រះសម្មតិទេព បុរសនុ៎ះឯងបានជាមានឈ្មោះថា ជាអ្នកបួស ព្រោះប្រព្រឹត្តព្រហ្មចរិយធម៌ដោយប្រពៃ ព្រោះប្រព្រឹត្តព្រហ្មចរិយធម៌ដ៏ស្មើដោយប្រពៃ ព្រោះប្រព្រឹត្តព្រហ្មចរិយកុសលដោយប្រពៃ ព្រោះធ្វើអំពើបុណ្យដោយប្រពៃ ព្រោះមិនបៀតបៀនដោយប្រពៃ ព្រោះអនុគ្រោះដល់សត្វដោយប្រពៃ» ។
ព្រះពោធិសត្វ បានឃើញបព្វជិតរូបនោះក៏សរសើរថា ការបួសជាគុណធម៌មួយដ៏ប្រសើរណាស់ ហើយយាងត្រលប់ចូលព្រះរាជនិវេសន៍វិញ ។ ក្នុងថ្ងៃនោះ កាលព្រះអាទិត្យអស្ដង្គតទៅ ព្រះពោធិសត្វយាងចុះទៅស្រង់ទឹកក្នុងស្រះមង្គលបោក្ខរណី រួចហើយឡើងគង់លើផ្ទៃថ្មមង្គលសិលា ។ កាលនោះ ព្រះបាទសុទ្ធទនៈបញ្ជូនដំណឹងឲ្យទ្រង់ជ្រាបនូវការប្រសូត បុត្រ ។ ព្រះពោធិសត្វក៏ពោលឡើងពេលនោះថា «អន្ទាក់កើតឡើងហើយ ចំណងកើតឡើងហើយ ដល់អាត្មាអញ !» ។ រាហុលកុមារប្រសូតនៅថ្ងៃអាទិត្យ ១៥កើត ខែអាសាឍ ។
កាលរាជបុរសត្រលប់ទៅវិញ យកដំណឹងនៃការពោលនោះដល់ព្រះបាទសុទ្ធោទនៈ ទ្រង់ក៏ដាក់ឈ្មោះព្រះរាជនត្តាថា រាហុលកុមារ ។ ព្រះពោធិសត្វ មានបរិវារហែហមយ៉ាងច្រើន ទ្រង់យាងចូលក្នុងព្រះនគរវិញ ។ ទ្រង់ឡើងទៅកាន់ប្រាសាទដ៏មានសិរី ទ្រង់នឿយណាយក្នុងគ្រឿងអលង្ការគ្រប់ប្រភេទ មិនមានចិត្តត្រេកអរក្នុងរបាំទាំងឡាយ ហើយក៏ចូលកាន់និទ្ទ្រាផ្ទំលក់មួយភ្លែកទៅ ។ ស្រីរបាំទាំងឡាយ ពេលឃើញព្រះពោធិសត្វទ្រង់ផ្ទំលក់ ក៏គិតថា «តើយើងនាំគ្នាលេងរបាំដើម្បីអ្នកណាទៀត បើព្រះអយ្យបុត្រផ្ទំលក់ហើយនោះ» ស្នំទាំងឡាយក៏នាំគ្នាពន្លត់ភ្លើង ហើយដេកលក់ទាំងអស់គ្នាទៅ ។ កាលព្រះពោធិសត្វភ្ញាក់រលឹកឡើងវិញ ទ្រង់អង្គុយពែនភ្នែនលើសេយ្យាសនា សម្លឹងមើលទៅស្រីរបាំទាំងនោះ ដែលមានអាការៈដូចសាកសព ស្រីខ្លះដេកហៀរទឹកមាត់ ខ្លះទៀតសង្កៀតធ្មេញ ខ្លះដេកចំហមាត់ ខ្លះដេកផ្កាប់មុខ ខ្លះដេករបូតសំពត់ ។ កាលព្រះពោធិសត្វឃើញយ៉ាងនោះ ក៏នឿយណាយក្នុងបញ្ចកាមគុណ មានបំណងចេញសាងផ្នួស ស្វែងរកមោក្ខធម៌ ដែលនាំឲ្យរួចផុតពី ជាតិ ជរា ព្យាធិ និង មរណៈ ក៏ស្ដេចយាងទៅបន្ទប់យាយឆន្នអាមាត្យ ហើយក៏ដាស់ឆន្នឲ្យក្រោកឡើង ។
នាយឆន្នក៏សួរថា «អ្នកណាគេហ្នឹង ?» ។
ព្រះពោធិសត្វៈ «យើងជាព្រះអយ្យបុត្រ» ។
នាយឆន្នៈ «ព្រះអង្គស្ដេចយាងមានការអ្វី ?» ។
ព្រះពោធិសត្វៈ «យើងមានបំណងទៅសាងផ្នួសចូលអ្នករៀបចំរាជរថឲ្យយើង» ។
នាយ ឆន្នអាមាត្យទៅរៀបចំសេះកណ្ឋកៈ ដោយរៀបចំតាក់តែងគ្រឿងអលង្ការយ៉ាងស្រស់ស្អាត ។ ពេលនោះ សិទ្ធត្ថពោធិសត្វមានចិត្តរីករាយអធិដ្ឋាននូវចិត្តយ៉ាងមាំក្នុង ការចេញសាងបព្វជ្ជា ។ គ្រានោះ ព្រះពោធិសត្វមានបំណងយាងចូលទៅមើលព្រះរាជបុត្រដែលទើបប្រសូតមកបាន ចំនួន៧ថ្ងៃ ទើបស្ដេចយាងចូលទៅក្នុងបន្ទប់ព្រះនាងយសោធរា ។ ស្រាប់តែព្រះនាងយសោធរាយកព្រះហស្តដាក់ជិតព្រះរាជបុត្រ មិនអាចឲ្យព្រះអង្គចាប់លើករាជបុត្របាន ។ ព្រះពោធិសត្វទ្រង់ត្រិះរិះថា «ប្រសិនបើអាត្មា អញលើករាជបុត្រសោត ប្រាកដជាព្រះនាងទេពីនឹងភ្ញាក់មិនខាន នាំឲ្យអាក់ខានក្នុងការចេញបួសរបស់អាត្មាអញ បើដូច្នោះមានតែអាត្មាអញចេញសាងផ្នួសសិន កាលណាអាត្មាអញបានត្រាស់ជាព្រះពុទ្ធហើយ អាត្មាអញនឹងត្រលប់មកមើលរាជបុត្រវិញ» ។
ព្រះពោធិសត្វ ចុះចាកប្រាសាទយាងទៅសាងផ្នួស បន្ទាប់ពីរាជបុត្ររបស់ព្រះអង្គគឺ រាហុលកុមារ ប្រសូតបានចំនួន៧ថ្ងៃ (តែក្នុងន័យខ្លះបញ្ជាក់ថា ព្រះពោធិសត្វចេញបព្វជ្ជានៅថ្ងៃដែលរាហុលប្រសូតនោះឯង) ។ ព្រះពោធិសត្វធ្វើដំណើរចេញពីនគរអស់ចម្ងាយផ្លូវចំនួន៣០យោជន៍ គឺ៤៨០គីឡូម៉ែត្រ រហូតដល់ស្ទឹងអនោមា ក៏បានសាងផ្នួសត្រង់ស្ទឹងនោះឯង ។ ព្រះពោធិសត្វចាប់ដាវដោយព្រះហស្តស្ដាំ ចាប់ផ្នួងសក់ដោយព្រះហស្តឆ្វេង ហើយកាត់ព្រះកេសា បន្សល់ទុកត្រឹមពីរធ្នាប់ដែលវិលទៅខាងស្ដាំ (ព្រះកេសារបស់ព្រះអង្គ ចាប់តាំងពី កាត់មកនៅត្រឹមពីរធ្នាប់រហូត មិនមានការដុះបន្ថែមទៀតឡើយ រហូតអស់ព្រះជន្ម មិនត្រូវការកាត់ មិនត្រូវការកោរ) ។ ព្រះពោធិសត្វកាត់ព្រះកេសាហើយកាលណា ទ្រង់អធិដ្ឋានថា «ប្រសិនបើអាត្មាអញនឹងបាន ត្រាស់ជាព្រះពុទ្ធពិតប្រាកដមែន សូមឲ្យកេសានេះស្ថិតជាប់នៅលើអាកាសមិនធ្លាប់មកលើផែនដីឡើយ» ។
ពេលនោះ ព្រះពោធិសត្វបោះទៅព្ធដ៏អាកាសស្រាប់ព្រះកេសាជាប់នៅនឹងថ្កល់ក្នុងអាកាសនោះ ។ សក្កទេវរាជ ឃើញភាពអស្ចារ្យដោយទិព្វចក្ខុ ក៏ស្ដេចយាងមកទទួលកេសានោះទៅបញ្ចុះទុកក្នុង ចូឡាមណិចេតិយ នាស្ថានតាវតិង្ស ។ ព្រះពុទ្ធជាម្ចាស់ទ្រង់សាងព្រះផ្នួសនៅថ្ងៃចន្ទ ១៥កើតពេញបូណ៌មី ខែអាសាឍ ក្នុងព្រះជន្ម២៩វស្សា ។
បន្ទាប់ ពីព្រះអង្គសាងផ្នួស ព្រះអង្គយាងទៅកាន់ទីក្រុងរាជគ្រឹះដើម្បីសិក្សាស្វែងរកមោក្ខធម៌ ដែលនាំឲ្យបានត្រាស់ដឹងជាប្រះអរហន្តសម្មាសម្ពុទ្ធក្នុងសំណាក់ បដិបត្តិផ្សេង ដូចជាសំណាក់បដិបត្តិ លោកអាចារ្យអាឡារកាលាមតាបស និងឧទករាមបុត្តតាបស ជាដើម រហូតបានសម្រេចនូវសមាបត្តិ ។ តែផ្លូវទាំងនោះ មិនមែនជាបដិបទាដែលនាំឲ្យបានត្រាស់ដឹងជាព្រះពុទ្ធក្នុងលោកនោះ ទេ ។
សម័យខាងក្រោយ ព្រះពោធិសត្វក៏យាងទៅប្រតិបត្តិជាមួយពួកបញ្ចវគ្គិយតាបស៥រូប ក្នុងផ្លូវអត្តកិលមថានុយោគ នាដងភ្នំទុក្ករកិរិយាបព៌ត (ដង្កេស្វារី) តំបន់គយាសីសៈ ។ ការប្រតិបត្តិនោះអស់ចំនួន៦ឆ្នាំ មិនបានសម្រេចនូវសម្ពោធិញ្ញាណ ទើបបង្អោនព្រះទ័យទៅក្នុងផ្លូវមជ្ឈិមាបដិបទា ។ ព្រះពោធិសត្វចុះចាកភ្នំនោះ យាងចូលទៅកាន់តំបន់ឧរុវេលាសេនានិគម បានទទួលចង្ហាន់បិណ្ឌបាតពីនាងសុជាតា ។ ព្រះពោធិសត្វទ្រង់សោយក្រយាហាររួចហើយ ប្រទក្សិណអស្សត្ថព្រឹក្ស កាន់យកថាសមាសឆ្ពោះទៅកាន់ស្ទឹងនេរញ្ជរា ។ លុះទ្រង់យាងដល់ស្ទឹងនេរញ្ជរាបានបណ្ដែតថាសមាសទៅក្នុងស្ទឹង ដើម្បីផ្សងនូវបារមីដែលបានបំពេញមកក្នុងការសម្រេចនូវសម្ពោធិញ្ញាណ ជាព្រះពុទ្ធក្នុងលោក ។ ក្នុងសាយណ្ហសម័យ ទ្រង់ទទួលស្គាចំនួន៨ក្ដាប់ពីសោត្ថិយព្រាហ្មណ៍ យកទៅក្រាលក្រោមដើមអស្សត្ថព្រឹក្សគឺដើមពោធិព្រឹក្សនេះឯង ។ ក្នុងថ្ងៃ១៥កើត ខែពិសាខ ព្រះអង្គទ្រង់ផ្ចាញ់នូវមារាធិរាជ ព្រមទាំងសេនា ហើយបានសម្រេចសម្រេចនូវបុព្វេនិវាសានុស្សតិញ្ញាណក្នុងបឋមយាម បានសម្រេចនូវចុតូបបាតញ្ញាណគឺទិព្វចក្ខុក្នុងមជ្ឈិមយាម បានសម្រេចនូវអាសវក្ខយញ្ញាណក្នុងបច្ឆិមយាមនៃរាត្រី ។ ព្រះពុទ្ធជាម្ចាស់ទ្រង់ធ្វើទុក្ករកិរិយាអស់ចំនួន៦ឆ្នាំ ។ ព្រះសម្មាសម្ពុទ្ធជាអម្ចាស់ទ្រង់បានត្រាស់ជាព្រះពុទ្ធក្នុងថ្ងៃពុធ ១៥កើត ខែពិសាខ មុនពុទ្ធសករាជ៤៥ឆ្នាំ ។ ត្រឡប់ទៅបុណ្យអាសាឡ្ហបូជា...