
សូមស្វាគមន៍អស់លោកអ្នកសប្បុរសគ្រប់រូបចូលរួមតាមដែលអាចធ្វើបានការជួយកិច្ចការវត្ត គឺជាការសន្សំកុសល
និងជួយសហគមន៍ខ្មែរទាំងមូល។ ចូរញ៉ាំងយប់និងថ្ងៃឲ្យប្រព្រឹត្តទៅប្រកបដោយកម្មជាកុសល។
ជារៀងរាល់ចុងសប្តាហ៍ ក្រៅពីការសិក្សាព្រះធម៌ និងបដិបត្តិ គណៈកម្មការ និងសមាជិកសកម្មបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ថែមទាំងថវិកាដើម្បីជួយដល់វត្តតាមអ្វីដែលពួកគាត់អាចធ្វើទៅបាន។ ពួកគាត់ស្ម័គ្រចិត្តប្រកបដោយសទ្ធាជ្រះថ្លាធ្វើការងារផ្សេងៗក្នុងវត្តដូចជាការសាង់ ជួសជុល កិច្ចការអគ្គីសនី ការដាំស្ល ធ្វើចង្ហាន់ព្រះសង្ឃ រៀបចំតុបតែងសម្រាប់ពិធីបុណ្យនានា ធ្វើចំការច្បារដំណាំ សំអាតទីវត្តអារាម។ល។ បើអស់លោកអ្នកសប្បុរសទាំងឡាយមានសទ្ធាជ្រះថ្លាចង់ចូលរួមជួយកិច្ចការនានាក្នុងទីវត្ត សូមស្វាគមន៍ដោយក្តីរីករាយគ្រប់ពេលវេលា។
ការចូលរួម




ចូលរួមកសាងសមិទ្ធផលនានាក្នុងវត្តពោធិការាមដោយចំណាយកម្លាំង និងពេលវេលាដ៏មានតម្លៃស្ថាបនាទីវត្តឲ្យបានរីកចម្រើនជាភិយ្យោភាព។ ពួកគាត់ប្រប្រាស់ជំនាញរបស់ខ្លួនជា អ្នកសាងសង់ ជាងភ្លើង ជាងឈើ ជាងអគ្គីសនី និងជំនាញផ្សេងៗទៀត ជួយដល់វត្តដោយមិនគិតពីការនឿយហត់។ កម្លាំងសទ្ធាជ្រះថ្លាអស់ពីបេះដូងរបស់ពួកគាត់បានជួយឲ្យវត្តពោធិការាមមានការអភិវឌ្ឍន៍ទៅមុខដោយរលូន។




រដូវក្តៅនៅកាណាដា ជាឱកាសនៃការដាំដំណាំ បន្លែបង្ការ និងនិងដាំផ្កាសម្រាប់លម្អ។ ញាតិញោមគណៈកម្មការ និងពុទ្ធបរិស័ទសកម្មតែងតែចំណាយពេលវេលាដ៏មានតម្លៃធ្វើចំការដាំដំណាំ ដើម្បីបានបន្លែធម្មជាតិ និងធ្វើសួនច្បារដាំផ្កានានានៅក្នុងវត្តដើម្បីជាសោភណភាពក្នុងទីអារាមផង។ រៀងរាល់ចុងសប្តាហ៍ពួកគាត់ខំសស្រាក់សស្រាំដាំរចនា និងថែរក្សាដោយគ្មានធ្វេសប្រហែសប្រកបដោយសទ្ធាជ្រះថ្លា។









មុនពេលប្រារព្ធពិធីបុណ្យនីមួយៗតែងតែមានការតុបតែងលម្អសម្រាប់បុណ្យតូចធំទាំងអស់។ ញាតិញោមបងប្អូនជាគណៈកម្មការ និង ពុទ្ធបរិស័សកម្មតែងតែខំប្រឹងប្រែងតុបតែងលម្អទីវត្តអារាមឲ្យបាន ល្អប្រសើរសមស្របទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ និងស្របទៅតាមពិធីបុណ្យនីមួយៗ។ ប្រកបដោយភាពអំណត់មិនចេះនឿយហត់ ពួកគាត់តែងតែពេញចិត្តនិងមានមោទនភាពក្នុងនាមជាពុទ្ធសានិកជនខ្មែរកាណាដា។
ការសាងសង់
សួនផ្កាច្បារដំណាំ
តុបតែងសម្រាប់ពិធីបុណ្យ
កិច្ចការចុងភៅ









ជារៀងរាល់សប្តាហ៍មិនថារដូវក្តៅ ឬរដូវទឹកកក ចុងភៅតែងតែរៀបចំម្ហូបអាហារគ្រប់មុខដើម្បីប្រគេនដល់ព្រះសង្ឃ ជូនដល់អ្នកធ្វើការក្នុងវត្ត និងធ្វើម្ហូបអាហារពេលមាន ពិធីបុណ្យទាននានាក្នុងវត្ត។ ពួកគាត់ចំណាយពេលវេលា កម្លាំងកាយចិត្ត ថែមទាំងថវិកាដោយសទ្ធាជ្រះថ្លាក្នុងបុណ្យកុសល ដើម្បីជួយដល់វត្តដោយគ្មានរួញរា ។
សំអាទទឹកកក និងកាត់ស្មៅ




នៅក្នុងរដូវទឹកកក មានទឹកកកធ្លាក់ក្រាលគ្របពាសពេញផ្ទៃវត្ត ពួកគាត់បានឆ្លៀតពេលចុងសប្តាហ៍ សូម្បីក្នុងថ្ងៃធ្វើការងារផ្ទាល់ខ្លួនក៏ដោយមកជួយបូម ឈូស កោសសំអាតទឹកកកចេញពីទីធ្លាវត្ត។ នៅក្នុងរដូវក្តៅស្មៅដុះក្រាស់ ពួកគាត់មិននៅកន្តើយ តែងតែជួយកាត់តម្រិមស្មៅដែលដុះក្រាស់ស្មុគស្មាញឲ្យបានត្រឹមស្អាតបាតមើលទៅគួរជាទីរមនីយដ្ឋានពុទ្ធសាសនា។
បោសសំអាតទីធ្លាវត្ត




ពុំមានរដូវណាមួយដែលគណៈកម្មការ និងសមាជិកសកម្មអស់កិច្ចការងារធ្វើនៅក្នុងវត្តឡើយ។ រដូវក្តៅ រដូវត្រជាក់ រដូវផ្ការីក រដូវស្លឹកឈើជ្រុះ ពួកគាត់តែងតែជួសំអាត និងថែរក្សា អភិរក្ស អភិវឌ្ឍន៍ ទីអារាមឲ្យបានល្អប្រសើរ ស្អាតស្អំ គួរជាទីគាប់ភ្នែកគាប់ចិត្ត ដោយចិត្តសទ្ធាជ្រះថ្លាបរិសុទ្ធម៉ត់ហ្មងអស់ពីបេះដូង ជាមួយនឹងសម្មាទិដ្ឋិក្នុងកិច្ចការងារជាកុសល។
តាមរយៈសម្មាទិដ្ឋិ គឺការយល់ត្រូវ នាំឲ្យពួកគាត់មានសម្មាកម្មន្តៈ កិច្ចការងារត្រូវ និងសម្មាវាយាមៈ ការប្រឹងប្រែងព្យាយាមត្រូវ ព្រោះបានសិក្សា និងបដិបត្តិនូវធម៌របស់ព្រះសម្មាសម្ពុទ្ធប្រកបដោយសម្មាសង្កប្បៈ ការត្រិះរិះត្រូវ។ ពួកគាត់តែតែកាន់យកនូវត្រៃសិក្ខារបស់ព្រះសម្មាសម្ពុទ្ធ គឺ ទាន សីល និងភាវនា ដើម្បីចម្រើនផ្លូវចិត្តនិងផ្លូវកាយឲ្យបានបរិសុទ្ធស្អាត។