ការអប់រំមនុស្សដោយព្រះធម៌ រមែងធ្វើមនុស្សឲ្យមាន«ជីវិត»ល្អបរិសុទ្ធ មានឥស្សរភាពលើតណ្ហា មានសេចក្តីសុខក្នុងតួជីវិតខ្លួនឯង។ មនុស្សកើតមកហើយត្រូវមានការសិក្សា ព្រោះមនុស្សជាសត្វដែលត្រូវសិក្សា ឬជាសត្វដែលត្រូវហ្វឹកហាត់អប់រំ បើមិនហ្វឹកហាត់សិក្សាអប់រំទេ មនុស្សមិនអាចល្អទៅបានឡើយ ហើយជីវិតដ៏ប្រសើរដែលបុណ្យបានតាក់តែងមក ក៏ត្រូវអស់ទៅវិញដោយឥតប្រយោជន៍ នេះជារឿងធម្មជាតិរបស់មនុស្ស។ មនុស្សផ្សេងអំពីសត្វតិរច្ឆាន គឺនៅត្រង់មនុស្សជាសត្វវិសេស អាចហ្វឹកហាត់អប់រំឲ្យមានការចម្រើនរហូតដល់ថ្នាក់ទេវតាឥន្ទព្រហ្មគោរពបូជា។ គុណធម៌ដែលមានក្នុងមនុស្ស មិនមានគុណធម៌ណាមួយដែលកើតមានឯងៗនោះឡើយ គឺសុទ្ធតែជាលទ្ធផលនៃការអប់រំចម្រើនទាំងអស់។
កាលបើធម្មជាតិរបស់មនុស្សមានសភាពយ៉ាងនេះ មនុស្សយើងមិនគួរគប្បីមានសេចក្តីប្រមាទសោះឡើយ គួរយកការសិក្សាអប់រំជាគោលសំខាន់ សម្រាប់ទូន្មានឲ្យជាប្រចាំក្នុងជីវិតប្រចាំថ្ងៃ មិនថាតែវ័យក្មេង វ័យកណ្តាល ឬវ័យចាស់នោះទេ គឺគ្រប់វ័យទាំងអស់ឲ្យតែនៅមានអវិជ្ជា និងតណ្ហា។ ធ្វើជាមនុស្សមិនត្រូវបញ្ចប់ការសិក្សាដោយត្រឹមតែបាននូវការចេះដឹងក្នុងមុខវិជ្ជាជីវៈបុណ្ណឹងទេ គឺត្រូវហ្វឹកហាត់អប់រំនូវចំណេះដឹង ឲ្យក្រៃលែងឡើងថែមទៀត ព្រោះសេចក្តីប្រសើររបស់មនុស្សដែលមានរហូតដល់អស់អវិជ្ជានិងតណ្ហាជាប្រភពនៃសេចក្តីទុក្ខសោកនោះ គឺស្ថិតនៅលើការសិក្សាអប់រំហ្វឹកហាត់រឿយៗហ្នឹងឯង នេះជាសេចក្តីសំខាន់ពិសេសនៃជីវិតមនុស្ស។
ការដែលមិនបោះបង់នូវជីវិតឲ្យផុតអំពីការសិក្សាអប់រំ ព្រោះមាននូវស្មារតីចងចាំថា «ជីវិតកាន់តែប្រសើរឡើង កាន់តែភ្លឺស្វាងឡើង ដោយសារការអប់រំនេះឯង»។ ដរាបណាដែលនៅមិនទាន់បានជាព្រះអរហន្តទេ គ្រប់គ្នាត្រូវនៅក្នុងការសិក្សារហូតអស់ជីវិត ព្រោះហេតុនេះហើយបានជាបុគ្គលដែលបដិបត្តិតាមព្រះពុទ្ធសាសនា មានការចម្រើននូវគុណធម៌ បានសម្រេចជាសោតាបន្ន ជាសកទាគាមី និងជាអនាគាមី ដែលហៅថា ព្រះអរិយៈ បុគ្គល៣ពួកនេះហៅម៉្យាងទៀតថា ព្រះសេក្ខបុគ្គល គឺជាបុគ្គលដែលនៅមានការសិក្សា។ សូម្បីដល់ថ្នាក់ជាព្រះអរិយបុគ្គលយ៉ាងនេះហើយក៏ដោយ ក៏នៅតែមានការសិក្សា លុះត្រាតែ បានសម្រេចជាព្រះអរហន្ត ទើបហៅថា ព្រះអសេក្ខបុគ្គល គឺបុគ្គលគ្មានការសិក្សាហ្វឹកហាត់ ដើម្បីកំចាត់នូវភាពសៅហ្មងពីសន្តានទៀតឡើយ ព្រោះសេចក្តីសៅហ្មងទាំងអស់ត្រូវបានលះផ្តាច់ដោយអរហត្តមគ្គទៅហើយ ។ នេះឯងជាការសិក្សាអប់រំឲ្យបានសម្រេចដល់ទីបញ្ចប់ ដែលជីវិតមនុស្សត្រូវបានបញ្ចប់ទុក្ខកង្វល់ក្នុងវដ្តសង្សារ ជាសារៈដ៏សំខាន់នៃជីវិត និងដែលជីវិតមនុស្សអាចទទួលបាន ។ ដំណើរជីវិតតាមគោលព្រះពុទ្ធសាសនា គឺជាជីវិតស្ថិតនៅក្នុងការសិក្សាអប់រំដោយសេចក្តីមិនប្រមាទអស់កាលជានិច្ច ។
សូមមនុស្សទាំងឡាយ សម្លឹងមើលជីវិតខ្លួនឯង និងជីវិតអ្នកដទៃក្នុងនិមិត្តមួយដែលត្រូវមានសម្ព័ន្ធជាមួយនឹងការសិក្សាអប់រំ ព្រោះមនុស្សជាសត្វវិសេសដែលត្រូវទទួលកាហ្វឹកហាត់ ហើយអាចហ្វឹកហាត់បានរហូតដល់ពេលហៀបនឹងស្លាប់ និងរហូតដល់បានជាមនុស្សបរិសុទ្ធ គឺព្រះអរហន្ត៕
«ស្រង់ចេញពីសៀវភៅ ពរ៤ប្រការ របស់អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស»
Comments