អាមេរិកខាងជើងកំពុងមានការរំលាយចូលគ្នា ។ យើងជាជនកម្ពុជាបានមកនៅទីនេះតែមួយរយៈប៉ុណ្ណោះ ។ យើងបានយកតម្រាប់តាម អឺរ៉ុប-អូស្ត្រាលី ហើយនិងអាស៊ីដទៃទៀត ។ នៅពេលដែលកសាងជីវិតរបស់យើងឡើងវិញក្នុងទឹកដីថ្មី យើងប្រែក្លាយជាផ្នែកមួយនៃសង្គមថ្មី ។ សំខាន់សម្រាប់យើង គឺការការពារអត្តសញ្ញាណវប្បធម៌របស់យើង បើប្រាសចាកវប្បធម៌របស់យើងនុ៎ះយើងពិតជាបាត់បង់និងភាន់ច្រឡំមិនខាន ដូចត្រីរស់នៅក្រៅទឹក។ ជនជាតិកម្ពុជា មានកេរមរតកដ៏មានតម្លៃច្រើនណាស់ ។ ភាពថ្លៃថ្នូររុងរឿងនៃវប្បធម៌កម្ពុជាបានដាក់បញ្ចូលទាយជ្ជទានជាច្រើន ។ – ជនជាតិកម្ពុជាមិនសូវចេះប្រកាន់ខ្លួន ចេះគួរសម និងថ្លៃថ្នូរ ។ – ជនជាតិកម្ពុជា មានកតញ្ញុតាធម៌ចំពោះមាតាបិតា គ្រូបាអាចារ្យ និងអ្នកដឹកនាំមាតុភូមិរបស់គេ និងពិភពលោកទាំងមូល ។– ជនជាតិកម្ពុជា រក្សាខ្ជាប់នូវបញ្ចសីលា(សីល៥) មនុស្សធម៌ និងកុសលធម៌ ។ – ជនជាតិកម្ពុជា មានសតិសម្បជញ្ញៈទុកជាអ្នកការពារខ្លួនគេ ។ – ជនជាតិកម្ពុជា គោរពប្រតិបត្តិនូវព្រហ្មវិហារបួន គឺ មេត្តា ករុណា មុទិតា និងឧបេក្ខា ។ – ជនជាតិកម្ពុជា មានខន្តី ។ គេអាចទ្រាំបាននូវការលំបាក សេចក្តីទុក្ខ និងការតឹងតែង ។ – ជនជាតិកម្ពុជា តែងតែអត់ឱន និងបំភ្លេចចោលនូវកំហុសខុសឆ្គងរបស់អ្នកឯទៀត ។ គេរៀនយកមេរៀនពីអតីតកាល ហើយគេប្រើបច្ចុប្បន្នដើម្បីសាងអនាគត ។ – ជនជាតិកម្ពុជា មានសច្ចៈនិងអនុវត្តដោយល្អ ។ គេដើរតាមមជ្ឍិមាបដិបទា ។ – ជនជាតិកម្ពុជា មានភាពទន់ភ្លន់, ញញឹមជានិច្ច ពាក្យពេចន៍ពោរពេញដោយសច្ចៈទៀងត្រង់ និងមេត្តា មិនសាំញ៉ាំ រស់រវើកហើយផ្អែមល្ហែម ។ សំដីរបស់គេមានឥទ្ធិពលចំពោះសេរីភាពផ្លូវ ចិត្តអំពីការថប់បារម្ភ និងធ្វើសុទ្ធិកម្មផ្លូវចិត្តអំពីមោហៈ និងធ្វើចិត្តឲ្យរឹងប៉ឹង ។ – ជនជាតិកម្ពុជា មានប្រពៃណីសាមគ្គីរួបរួមតាមព្រះពុទ្ធសាសនា ស្រឡាញ់ព្រះធម៌ ។ – ពេលដែលយើងនៅក្នុងស្ទឹង យើងត្រូវបត់បែនតាមស្ទឹង ប៉ុន្តែយើងមិនត្រូវបំភ្លេចទូករបស់យើងទេ ។ – សូមនមស្សការចំពោះព្រះពុទ្ធគ្រប់ព្រះអង្គ ។ – សូមអោយជនជាតិកម្ពុជាទៅជាអ្នកកសាងសន្តិភាពតាមប្រពៃណី និងមាតុភូមិដ៏ពិសិដ្ឋរបស់យើង ។ – សូមឲ្យយើងបានសម្រេចនូវសាមគ្គី មេត្តាព្រហ្មវិហារ និងសន្តិភាពប្រកបដោយកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុតរបស់យើង ។
«ដោយសម្តេចព្រះមហាឃោសានន្ទ» សៀវភៅ «មួយជំហានម្តង»
Comentários