តាមទំនៀមក្នុងព្រះពុទ្ធសាសនា លុះចូលដល់រដូវវស្សាហើយ ពុទ្ធសាសនិកជនតែងនាំគ្នាប្រារព្ធ “បុណ្យចូលព្រះវស្សា” ជាភាសាបាលីថា “វស្សូបនយិកា” ។ បុណ្យចូលវស្សាជាបុណ្យមួយមានដើមកំណើតតាំងអំពីសម័យព្រះពុទ្ធកាលមកម្ល៉េះ ។
គ្រាដែលព្រះពុទ្ធជាម្ចាស់និងភិក្ខុទាំង១២៥០រូប ប្តូរពីចំការត្នោតមកគង់ក្នុងព្រៃឫស្សីទៀបក្រុងរាគ្រឹះ គឺជារដូវវស្សាដែលធ្វើឲ្យពិបាកដល់ការកសាងវត្តថ្មីផង និងដល់ការនិមន្តបិណ្ឌបាតផង ។ ក្នុងពេលជាមួយគ្នានោះ មានភិក្ខុមួយចំនួនចូលទៅក្រាបបង្គំទូលព្រះសាស្ដាចារ្យថា “បពិត្រព្រះអង្គដ៏ចម្រើន! ក្នុងកាលដែលខ្ញុំព្រះអង្គទាំងឡាយ ត្រាច់បិណ្ឌបាតតាមភូមិអ្នកស្រុក ខ្ញុំព្រះអង្គបានឮអ្នកស្រុកគេពោលតិះដៀលនិងបន្តុះបង្អាប់ដល់គណៈរបស់យើងថា “ ពួក សមណៈជាសាក្យបុត្រ មិនសមនឹងដើរបិណ្ឌបាត ត្រាច់ចរក្នុងវស្សានរដូវ ដើរជាន់ស្មៅស្រស់ ជាន់ជន្លេននិងសត្វល្អិតដែលចេញមកលើដីនៅពេលភ្លៀងធ្លាក់នេះឡើយ ។ សូម្បីតែពួកបរិព្វាជកនៅក្នុងលទ្ធិដទៃ និងពួកអន្យតិរត្ថីយដែលជាអ្នកពោលនូវធម៌អាក្រក់ ក៏គង់តែពួគេឈប់សម្រាកនៅក្នុងរដូវវស្សានេះ ។ មិនតែប៉ុណ្ណោះ សូម្បីតែសត្វស្លាបទាំងឡាយក៏គង់វាចូលជ្រកក្នុងសម្បុកលើចុងឈើដែរ “។
ព្រះពុទ្ធទ្រង់ព្រះតម្រិះថា “ពាក្យតិះដៀលរបស់អ្នកស្រុកទាំងនោះ គឺជាពាក្យត្រឹមត្រូវ និងព្រះអង្គផ្ទាល់ក៏មិនទាន់បានបញ្ញត្តិនូវការចូលវស្សានេះដល់ភិក្ខុទាំងឡាយផងដែរ ទើបព្រះអង្គត្រាស់ហៅភិក្ខុទាំងឡាយមកប្រជុំដើម្បីទ្រង់អនុញ្ញាតការចូលកាន់វស្សាជាផ្លូវការ” ។ ព្រះអង្គទ្រង់ត្រាស់ថា “ ម្នាលភិក្ខុទាំងឡាយ! នៅរដូវវស្សាអាកាសធាតុមិនសូវល្អដល់ការធ្វើដំណើរឡើយ។ ភិក្ខុទាំងឡាយក៏ត្រូវការទីកន្លែងសម្រាប់រៀនសូត្រព្រះធម៌រួមគ្នាក្នុងរដូវភ្លៀងនេះដែរ ។ ឥឡូវនេះ យើងមានកន្លែងល្អមួយដែលអាចជួយភិក្ខុសង្ឃឲ្យចៀសផុតអំពីជម្ងឺតម្កាត់ផ្សេងៗ និងចៀសវាងការដើរជាន់ស្មៅស្រស់និងសត្វល្អិតនានា ដែលចេញមកលើដីទៀតផង ។ រៀងរាល់ឆ្នាំក្នុងរដូវវស្សា ភិក្ខុណាដែលកំពុងស្ថិតនៅក្នុងដំណើរឬក៏ត្រាច់ចរទៅតាមជនបទផ្សេង ៗ នោះត្រូវតែវិលត្រឡប់កមកាន់វត្តវិញឲ្យទាន់ពេលដើម្បីចូលកាន់ព្រះវស្សា ។ ពេលចូលកាន់វស្សានោះ អ្នកអាចប្រាប់ឧបាសកឧបាសិការស់នៅក្នុងតំបន់ដែលអ្នកគង់នៅនោះឲ្យជួយផ្គត់ផ្គងនូវចង្ហាន់បិណ្ឌបាត ។ ឧបាសក-ឧបាសិកានោះក៏បានទទួលនូវប្រយោជន៍អំពីការប្រៀនប្រដៅធម៌អាថ៌របស់ព្រះសង្ឃ ក្នុងឱកាសនោះដែរ” ។
ដោយហេតុថាក្នុងរដូវវស្សាមានទៅដល់៤ខែ ចាប់ពីថ្ងៃ១រោចខែអាសាធ (ឬខែទុតិយាសាធ បើឆ្នាំនោះមានអធិកមាស គឺអាសាឍពីរដង) រហូតដល់ថ្ងៃ ១៥កើតខែកត្តិក ភិក្ខុត្រូវចាំវស្សាបានតែ៣ខែ ទើបព្រះដ៏មានព្រះភាគទ្រង់ត្រាស់អនុញ្ញាតឲ្យមានការចូលវស្សាជាពីរបែប គឺ ៖ ថ្ងៃចូលកាន់វស្សាដើម ឬចូលវស្សាទី១ (បុរិមិកាវស្សា) និង ថ្ងៃចូលវស្សាចុង (បច្ឆិមិកាវស្សា ឬចូលវស្សាទី២) ។
ភិក្ខុទាំងឡាយ ដែលមិននៅក្នុងដំណើរ អាចចូលកាន់បុរិមិកាវស្សា នៅថ្ងៃ ១រោចខែអាសាធ (ឬខែទុតិយាសាធ) រហូតដល់ថ្ងៃ ១៥កើតខែអស្សុជទើបចេញវស្សាវិញ ។ តែបើសិនជាមានឆ្នាំណាអធិកមាស គឺឆ្នាំដែលត្រូវលើកខែ ត្រូវចូលនៅថ្ងៃ១៥កើតទុតិយាសាធ និងចេញនៅថ្ងៃ ១៥កើតខែអស្សុជ ព្រោះមានពុទ្ធានុញ្ញាតថា “ អនុជានាមិ ភិក្ខវេ រាជូនំ អនុវត្តិតំ” ប្រែថា “ម្នាលភិក្ខុទាំងឡាយ! តថាគត អនុញ្ញាតឲ្យភិក្ខុចូលកាន់វស្សាទៅតាមការអនុវត្តលើកខែ របស់ព្រះរាជាចុះ”។
ចំពោះភិក្ខុណាដែលជាប់កិច្ចធុរៈ អាចចូលកាន់បច្ឆិមិកាវស្សានៅថ្ងៃ ១រោចខែស្រាពណ៍ រហូតទៅដល់ថ្ងៃ ១៥កើតកត្តិក ទើបចេញវស្សាវិញក៏បានដែរ ។
ការចូលវស្សាទាំង ២ យ៉ាងនេះ ភិក្ខុមិនអាចគេចវេះបានឡើយ គឺត្រូវតែចូលជាដាច់ខាត ដូចមានពុទ្ធបញ្ញត្តិថា “ន ភិក្ខវេ វស្សំ ន ឧបគន្តព្វំ យោ ន ឧបគច្ឆេយ្យ អាបត្តិ ទុក្កដស្ស” ប្រែថា “ ម្នាលភិក្ខុទាំងឡាយ! ភិក្ខុមិនអាចមិនចូលវស្សាបានឡើយ គឺត្រូវតែចូលវស្សាដាច់ខាត បើភិក្ខុណាមិនចូលវស្សា ភិក្ខុរូបនោះនឹងត្រូវអាបត្តិទុក្កដ” ។
ថ្ងៃចូលវស្សា ភិក្ខុត្រូវចូលក្នុងរោងឧបោសថាគារ (វិហារ) ដើម្បីអធិដ្ឋានចូលវស្សាព្រមគ្នាថា “ឥមស្មឹ អាវាសេ ឥមំ តេមាសំ វស្សំ ឧបេម” ប្រែថា “យើងទាំងឡាយចាំវស្សាអស់ ៣ខែនេះ ក្នុងអាវាសនេះ” ។ ពេលអធិដ្ឋានភិក្ខុត្រូវតាំងចិត្តថា នឹងនៅក្នុងវេលារាត្រីរក្សាអរុណរះឡើង តែក្នុងពេលខ្លួននៅក្នុងខែត្រនៃអាវាស រហូតដល់កំណត់ ៣ ខែ ។ បើភិក្ខុនៅចាំវស្សាក្នុងទីសេនាសនៈណាមួយ ត្រូវតែកំណត់ខែត្រ និងបរិវេណទីសេនាសនៈនោះ។ បើនៅច្រើនគ្នា ត្រូវអធិដ្ឋានចូលគ្នាព្រមគ្នាថា “ឥមស្មឹ សានាសនេ ឥមំ តេមាសំ វស្សំ ឧបេម” ប្រែថា “យើងទាំងឡាយនៅចាំវស្សាអស់៣ខែនេះ ក្នុងទីសេនាសនៈនេះ” ។
បើភិក្ខុនៅតែម្នាក់ឯង ត្រូវតែអធិដ្ឋានថា “ឥមស្មឹ សេនាសនេ ឥមំ តេមាសំ វស្សំ ឧបេមិ” ប្រែថា “អញ ឬ អាត្មាអញនៅចាំវស្សាអស់ ៣ខែនេះ ក្នុងទីសេនាសនៈនេះ”។ បើនៅក្នុងកុដិធំច្រើនគ្នា ត្រូអធិដ្ឋានព្រមគ្នាថា “ឥមស្មឹ វហារេ ឥមំ តេមាសំ វស្សំ ឧបេម” ប្រែថា “យើងទាំងឡាយ នៅចាំវស្សាអស់ ៣ខែក្នុងវិហារនេះ “។ បើនៅតែឯងត្រូវតែអធិដ្ឋានថា “ឥមស្មឹ វហារេ ឥមំ តេមាសំ វស្សំ ឧបេមិ” ប្រែថា “អាត្មាអញ នៅចាំវស្សាអស់ ៣ខែក្នុងវិហារនេះ “។
បើនៅក្នុងតូបឬកុដិតូច តែម្នាក់ឯងក្នុងព្រៃ ត្រូវកំណត់ខែត្រ ឬទីបរិវេណនៃតូបឬកុដិនោះ ត្រូវ អធិដ្ឋានថា “ឥមិស្សំ ឬ ឥមាយំ កុដិយំ ឥមំ តេមាសំ វស្សំ ឧបេមិ” ប្រែថា “អញ ឬអាត្មាអញនៅចាំវស្សាអស់ ៣ខែក្នុងតូបនេះ” ។ ក្នុងអាវាសនីមួយ ៗ នៅពេលភិក្ខុសង្ឃបានអធិដ្ឋានចូលវស្សារួចហើយ ភិក្ខុចៅអាវាស ឬ មហាថេរ ត្រូវប្រកាសប្រាប់ នូវខែត្រនៃអាវាស គឺកំណត់ព្រំប្រទល់វត្តគ្រប់ទិសទាំង ៤ ឲ្យភិក្ខុសាមណេរ គ្រប់រូបបានដឹង ដើម្បីនឹងចៀសវាងអំពីការដាច់វស្សា ពីព្រោះតែការបណ្ដោយឲ្យអារុណរះឡើង ក្នុងពេលដែលខ្លួនស្ថិតនៅក្រៅខែត្រនៃអាវាសនោះ។
បើដល់ថ្ងៃចូលវស្សារួចហើយ មានភិក្ខុណានៅធ្វើដំណើរទៅមក ឬអែអង់រងចាំចូលវស្សាក្រៅវត្ត ឃើញថាមិនសមគួរឡើយ ភិក្ខុនឹងត្រូវអាបត្តិទុក្កដ ។ បើភិក្ខុចូលវស្សានៅទីណាហើយ ត្រូវតែរក្សារាត្រីនៅក្នុងទីនោះ រហូតគ្រប់ពេលកំណត់ ៣ខែ ។ បើមានធុរៈត្រូវចេញទៅក្រៅអាវាសជាចាំបាច់ខានមិនបានគប្បីចេញចុះ តែប្រញាប់ត្រឡប់មកវិញឲ្យទាន់ពេលមុនអរុណរះ។
ភិក្ខុអាចទៅដោយសត្តាហករណីយ បាន៖
1. បើបានដឹងជាមុនថា មាតាឬបិតា នៃភិក្ខុឬសាមណេរនោះ មានធុរៈ ឬមានជម្ងឺធ្ងន់។
2. បើមានគេមកនិមន្តថា មានឧបាសក ឬឧបាសិកា បងប្អូនឬញាតិមិត្រ មានធុរៈ។
3. បើមានគេមកនិមន្ត ក្នុងសង្ឃករណីយកិច្ច ណាមួយ។ ក៏ប៉ុន្តែ តាមទម្លាប់មុននឹងចេញអំពីវត្ត ឬអាវាសទៅត្រូវអធិដ្ឋានថា “សច្ចេ មេ អន្តរាយោ នត្ថិ សត្តាហព្ភន្តរេយេវ បុន និវត្តិស្សាមិ …...ទុតិយម្បិ……..តតិយម្បិ…”។ ប្រែថា “បើមិនមានអន្តរាយ ឬឧបសគ្គដល់អាត្មាអញទេអាត្មាអញនឹងត្រឡប់មកវត្តវិញក្នុងចន្លោះសត្តាហៈពុំខាន ។ ………ជាគម្រប់ពីរដងផង។ ……..ជាគម្រប់បីដងផង។ ភិក្ខុលើកសត្តាហៈចេញទៅក្រៅវត្តរួចហើយ ត្រូវតែត្រឡប់មកវត្តខាងក្នុងអរុណនៃថ្ងៃទីប្រាំពីរវិញ (គឺអាចនៅក្រៅវត្តតែត្រឹម ៦រាត្រី) ។ ភិក្ខុមិនត្រូវនៅក្រៅវត្តឲ្យហួសអរុណនៃថ្ងៃទី៧ទេ ពុំនោះសោតនឹងត្រូវដាច់វស្សា នឹងត្រូវអាបត្តិទុក្កដ មិនអាចទទួលអានិសង្សកឋិន និងសង្ឃលាភផ្សេង ៗ ដែលកើតឡើងក្នុងវត្តនោះ បានទៀតផង។
ការចូលវស្សាមិនចំពោះតែភិក្ខុទេ សាមណេរក៏ត្រូវចូលវស្សាដែរ ទើបត្រូវតាមពុទ្ធានុញ្ញាត ចែកនូវសង្ឃលាភ តែសាមណេរមិនមានកិច្ចដោយការបវរណាឡើយ គ្រាន់តែឲ្យអធិដ្ឋានចូលវស្សាប៉ុណ្ណោះ ។
នៅប្រទេសខ្មែរ ក៏ដូចជាប្រទេសដែលកាន់ព្រះពុទ្ធសាសនាក្នុងលោកដែរ ពេលចូលវស្សានេះ ជាឱកាសសំខាន់បំផុតដែលយុវជននាំគ្នាចូលបួសនិងមកសំណាក់នៅក្នុងវត្ត ដើម្បីអប់រំខ្លួន ឲ្យមានចរិយាសម្បត្តិល្អ តាមគន្លងព្រះពុទ្ធសាសនា ។
សាសនវិធី៖
រណ្ដាប់៖ ឧបាសក ឧបាសិកា ត្រូវរៀបរណ្ដាប់ជាចតុប្បច្ច័យមាន៖ ចង្ហាន់បិណ្ឌបាត សំពត់សាដក ប្រេង ទៀនវស្សា (សម្រាប់ដុត ៣ខែ) ។ល។ ក្នុងវិន័យបិដក ភាគទី ៨ និយាយអំពីអានិសង្សសំពត់សាដកសម្រាប់ព្រះសង្ឃប្រើស្រង់ទឹក ។
ទៀនវស្សាត្រូវមានវិជ្ជមាត្រ(មាត់) ១តឹក និងកំពស់២ហត្ថ ធ្វើអំពីក្រមួនសុទ្ធឬក្រមួនចំបក់ មានជើងទ្រជាឈើឬស្ពាន់ ក្បាច់ផ្កាឈូក ។ សម័យបច្ចុប្បន្នច្រើនប្រើចង្កៀងប្រេងកាត ឬប្រេងដូងជំនួស ។ ទៀនវស្សាគឺជា និមិត្តរូបនៃព្រះបញ្ញាញាណ របស់ព្រះសម្ពុទ្ធ ដែលតែងតែភ្លឺជានិច្ចចំពោះសព្វសត្វមិនមានរលត់សោះឡើយ ។
ការប្រារព្ភ៖ ក្នុងថ្ងៃចូលវស្សា គឺល្ងាចថ្ងៃទី ១៥កើត ខែអាសាធ ឬទុតិយាសាធ ឧបាសក ឧបាសិក និងពុទ្ធបរិស័ទ ទៅជួបជុំគ្នាក្នុងទីវត្ត ។ លុះជួបជុំហើយ នាំគ្នាហែរទៀនវស្សា សំពត់សាដក និងគ្រឿងបរិក្ខារផ្សេង ៗ ប្រទក្សិណព្រះវិហារ ឬ អាវាសណាមួយដែលព្រះសង្ឃបានកំណត់ ។ បន្ទាប់មកទៀត នាំគ្នានមស្សការថ្វាយបង្គំព្រះរត្តនត្រ័យ សមាទានសីល ៥ សីល ៨ និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងបវរណាព្រះធម្មកថិកមួយអង្គ សម្ដែងព្រះធម្មទេសនា ព្រមទាំងវេរទៀនវស្សា សំពត់សាដក និងគ្រឿងបរិក្ខារប្រគេនព្រះសង្ឃ ។ លុះព្រឹកឡើងថ្ងៃ ១រោច ខែអាសាធ មានប្រគេនយាគូ និងភត្តប្រគេនព្រះសង្ឃទៀតផង ៕
コメント