top of page
Writer's pictureBODHIKARAM

ធម៌មួយមានឧបការៈច្រើន (ពហុបការធម៌)

ពហុបការធម៌

ព្រះមហា ជា-ឆាយ វត្តឧណ្ណាលោម រៀប​រៀង

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស សូម​នមស្ការ​ចំពោះ​ព្រះ​ភគវន្តមុនី អរហំសម្មាសម្ពុទ្ធ​ព្រះអង្គ​នោះ (ព្រម​ទាំង​ព្រះ​ធម៌​នឹង​ព្រះអរិយសង្ឃ) ។

ពេល​នេះ​ជា​ធម្មស្សវនកាល ត្រូវ​តាម​សណ្ដាប់​ប្រវេណី​ពី​បុរាណ​សម័យ នៃ​ពុទ្ធសាស-និកជន​រៀង​រាប​មក ។ អាត្មា​ភាព​បាន​ទទួល​ភារៈ​មក​សំដែង​ធម៌ទេសនា តាម​សម​គួរ​ដល់​កាល​វេលា, ឱកាស​នេះ​សូម​សំដែង​អំពី​ពហុបការ​ធម៌ តាម​ន័យ​ព្រះ​ពុទ្ធ​ភាសិត ក្នុង​សុត្តន្តបិដក​ទសុត្តរ​សូត្រ គម្ពីរ​ទីឃនិកាយ ដូច​មាន​បទ​ព្រះ​បាលី​ថា ឯកោ ធម្មោ បហុបការោ អប្បមាទោ កុសលេសុ ធម្មេសុ អយំ ឯកោ ធម្មោ ពហុបការោ ប្រែ​ថា “ធម៌​មួយ​មាន​ឧបការៈ​ច្រើន គឺ​អប្បមាទ (ការ​មិន​ធ្វេស​ប្រហែស) ក្នុង​ធម៌​ទាំង​ឡាយ​ជា​កុសល, នេះ​ហៅ​ថា ធម៌​មួយ មាន​ឧបការៈ​ច្រើន” ។ អាត្មា​ភាព​សូម​អធិប្បាយ​តាម​ន័យ​ព្រះ​ពុទ្ធដីកា​ខាង​លើ ដូច​សេចក្ដី​ត​ទៅ​នេះ អប្បមាទ ប្រែ​ថា សេចក្ដី​មិន​ធ្វេស​ប្រហែស ការ​មិន​ធ្វេស​ស្មារតី​ឬ​ការ​ប្រុង​ប្រយ័ត្ន​មិន​ឲ្យ​ភ្លាំង​ភ្លាត់ ។ សេចក្ដី​មិន​ប្រហែស​ធ្វេស​នេះ​ជា​ធម៌​ចំបង​ជាង​កុសល​ធម៌​ទាំង​ពួង ឬ​ថា​កុសល​ធម៌​ទាំង​ពួង​មាន​អប្បមាទ​ជា​ឫស​សម​ដូច​ព្រះពុទ្ធដីកា​ថា យេ កេចិ កុសលា ធម្មា សព្វេ តេ អប្បមាទមូលកា អប្បមាទសមោសរណា អប្បមាទោ តេសំ អគ្គមក្ខាយតិ ប្រែ​ថា “ធម៌​ទាំង​ឡាយ​ណា​នីមួយ​ដែល​ជា​កុសល, ធម៌​ទាំង​អស់​នោះ មាន​សេចក្ដី​មិន​ប្រមាទ​ជា​ឫស គឺ​ជា​ឫស​គល់​ប្រជុំ​ចុះ​ក្នុង​សេចក្ដី​មិន​ប្រមាទ​ទាំងអស់, អ្នក​ប្រាជ្ញ​ទាំងឡាយ​តែង​ពោល​សរសើរ​សេចក្ដី​មិន​ប្រមាទ​ថា ជា​ធម៌​ចំបង​ជាង​កុសល​ធម៌​ទាំង​នោះ” ។ សេចក្ដី​មិន​ប្រមាទ​នេះ អ្នក​ប្រាជ្ញ​ពោល​ថា​ជា​ចំបង ឬ​ជា​កំពូល​នៃ​កុសលធម៌​នោះ ព្រោះ​កុសលធម៌​ទាំងអស់​ដែល​នឹង​កើត​ឡើង​បាន​ក៏​ព្រោះ​តែ​សេចក្ដី​មិន​ប្រមាទ ​កើត​ឡើង​ជា​មុន ឬ​ថា​លុះ​ណា​តែ​អប្បមាទ​ធម៌​កើត​ឡើង​មុន ទើប​កុសល​ធម៌​ទៀត ៗ កើត​ឡើង​បាន ដូច​មេដំបូល​ផ្ទះ ជា​ទី​ប្រជុំ​ចុះ​នៃ​ទព្វសម្ភារៈ មាន​ផ្ទោង​ផ្លាន​ជា​ដើម ។ ព្រោះ​ហេតុ​នោះ ព្រះ​បរម​គ្រូ​ទ្រង់​ត្រាស់​សំដែង​ថា នាហំ ភិក្ខវេ អញ្ញំ ឯកធម្មំ សមនុបស្សាមិ “ម្នាល​ភិក្ខុ​ទាំងឡាយ ! តថាគត​ជញ្ជឹង​រំពឹង​មើល​ទៅ​មិន​ឃើញ​មាន​ធម៌​ដទៃ​ណា ដែល​ជា​ធម៌​មាន​អានុភាព​អាច​ញ៉ាំង​កុសល​ដែល​មិន​ទាន់​កើត​ឡើង​ឲ្យ​កើត​ឡើង ដែល​កើត​ឡើង​ហើយ​ឲ្យ​រឹង​រឹត​តែ​ចំរើន​ឡើង ដូច​ជា​សេចក្ដី​មិន​ប្រមាទ​នេះ​ឡើយ” ។ ម្យ៉ាង​ទៀត សេចក្ដី​មិន​ប្រមាទ​នេះ បើ​នឹង​ពោល​តាម​បរិយាយ ក៏​គឺ​សតិ​ហ្នឹង​ឯង សតិ​នឹង​អប្បាមាទ មាន​សេចក្ដី​ជា​មួយ​គ្នា សម​ដូច​ព្រះ​ពុទ្ធ​ដីកា​ថា ចតូសុភក្ខវេ ឋានេសុ ងត្តរូបេន អប្បមាទោ សតិ ចេតសោ អារក្ខោ ករណីយោ ប្រែ​ថា “ម្នាល​ភិក្ខុ​ទាំងឡាយ ! សេចក្ដី​មិន​ប្រមាទ គឺ​សតិ​ជា​ធម៌​រក្សា​នូវ​ចិត្ត ជា​ធម៌​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ក្នុង​ស្ថាន ៤ យ៉ាង​តាម​សម​គួរ​ដល់​ខ្លួន ។ ឯ​សេចក្ដី​មិន​ប្រមាទ​ដែល​អ្នក​ទាំងឡាយ​ត្រូវ​ធ្វើ​ក្នុង​ស្ថាន ៤ យ៉ាង​នោះ គឺ​ត្រូវ​តាំង​ចិត្ត​ថាៈ ១- ចិត្ត​របស់​អាត្មា​អញ កុំ​ត្រេក​ត្រអាល​ក្នុង​ធម៌​ដែល​ជា​ហេតុ​ឲ្យ​កើត​សេចក្ដី​ត្រេក​ត្រអាល, ២- ចិត្ត​របស់​អាត្មា​អញ កុំ​ប្រទូស្ដ​ក្នុង​ធម៌​ដែល​ជា​ហេតុ​ឲ្យ​កើត​សេចក្ដី​ប្រទូស្ដ, ៣- ចិត្ត​របស់​អាត្មា​អញ កុំ​វង្វែង​ក្នុង​ធម៌​ដែល​ជា​ហេតុ​ឲ្យ​កើត​សេចក្ដី​វង្វែង, ៤- ចិត្ត​របស់​អាត្មា​អញ កុំ​ស្រវឹង​ក្នុង​ធម៌​ជា​ហេតុ​ឲ្យ​កើត​សេចក្ដី​ស្រវឹង​ឡើយ ។ ន័យ​មួយ​ទៀត សេចក្ដី​មិន​ប្រមាទ​នេះ បើ​ពោល​ដោយ​ការ​ប្រតិបត្តិ​ដែល​ជា​ការ​ទំនុក​បំរុង​ផ្ចុង​ផ្ដើម​ក៏​បាន​ខាង​ មនសិការ គឺ​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ខយវយធម៌ គឺ​រំពឹង​ដល់​សេចក្ដី​អស់​ទៅ​នឹង​សូន្យ​ទៅ ។ មែន​ពិត​បុគ្គល​នឹក​រំពឹង​ដល់​សេចក្ដី​អស់​ទៅ​នឹង​សូន្យ​ទៅ​នៃ​សង្ខារ ដោយ​អំណាច​នៃ​ការ​ចាស់ ឈ ស្លាប់​ក្ដី នឹក​រំពឹង​ជញ្ជឹង​ថា ឱ​សេចក្ដី​ចាស់ ឈឺ ស្លាប់​បាត់ ជា​ភ័យ​ធំ​របស់​សត្តនិករ​ច​េះ​តែ​រុក​រាន​ទន្ទ្រាន​ចូល​មក​កាន់​តែ​ជិត ៗ ណាស់​ហើយ ដូច្នេះ​ក្ដី ត្រិះ​រិះ​ពិចារណា​នូវ​អភិណ្ហប្បច្ចវេក្ខណធម៌​មាន​ដើម​ថា ការ​ចាស់​គ្រាំ​គ្រា​ជា​ធម្មតា​នឹង​កន្លង​ការ​ចាស់​គ្រាំ​គ្រា​ទៅ​មិន​បាន​ ឡើយ​ដូច្នេះ​ក្ដី កាល​បើ​បិចារណា​ក្នុង​អភិណ្ហប្បច្ចវេក្ខណៈ យ៉ាង​នេះ​ជា​ដើម​ហើយ ត​ពី​នេះ​ទៅ​ទើប​មិន​ប្រមាទ ហើយ​ខំ​ខ្មី​ឃ្មាត​បំពេញ​ករណីយកិច្ច​របស់​ខ្លួន ឲ្យ​ចំរើន​កើត​មាន​ឡើង ។


ការ​ពិចារណា​នេះ​ជា​ឧបាយ​ដើម្បី​បំបាត់​នូវ​សេចក្ដី​ប្រមាទ​សេចក្ដី​ស្រវឹង​ ថា អាត្មា​អញ​នៅ​កម្លោះ​ក្រមុំ ថា​មិន​មាន​រោគ មិន​ទាន​ស្លាប់ ទាំង​ជា​ឧបាយ​ដើម្បី​រំកិល​ខ្លួន​ឲ្យ​ផុត​ចាក​បាប បែរ​មុខ​ឆ្ពោះ​ទៅ​រក​បុណ្យ​កុសល​តែ​ម្យ៉ាង ។ ឯ​ឧបាយ​សម្រាប់​រំពឹង​ពិចារណា​ឲ្យ​ឃើញ​សេចក្ដី​អស់​ទៅ​នឹង​សូន្យ​ទៅ ដែល​ជា​ហេតុ​នាំ​ឲ្យ​កើត​អប្បមាទធម៌​នោះ​មាន​ច្រើន​ប្រការ​ណាស់, អ្នក​ប្រាជ្ញ​បាន​នាំ​យក​ធម៌​ទាំងឡាយ ដែល​ជា​ហេតុ​ឲ្យ​កើត​អប្បមាទ​ធម៌ ហៅ​ថា​វិបស្សនា មក​ឲ្យ​ពិចារណា​ថា “រូប​ទាំង​អតីត អនាគត បច្ចុប្បន្ន ដែល​អាស្រ័យ​បច្ច័យ​តាក់​តែង​ហើយ​កើត​ឡើង ជា​របស់​មិន​ទៀង មាន​កិរិយា​អស់​ទៅ​សូន្យ​ទៅ ប្រែ​ប្រួល​ទៅ រលត់​ទៅ​ជា​ធម្មតា, ទាំង​វេទនា សញ្ញា​សង្ខារ វិញ្ញាណ ក៏​ដូច​គ្នា​ដែរ ។ សេចក្ដី​ទៀង សេចក្ដី​សុខ​សប្បាយ​រីក​រាយ​ត្រេក​ត្រអាល​អរ​សាទរ​នឹង​មាន​មក​ពី​ណា ? ព្រោះ​ថា​របស់​ណា​ដែល​កើត​ឡើង​ហើយ សុទ្ធ​តែ​ត្រូវ​វិនាស​បែក​ធ្លាយ​ទៅ​វិញ​ទាំងអស់, ទ្រព្យ​សម្បត្តិ​របស់​អាត្មា​អញ​ក្ដី ជីវិត​អាត្មាអញ​ក្ដី នឹង​វិនាស​ព្រាត់​ប្រាស​ទៅ​មិន​ខាន, ទោះ​សព្វ​សត្វ​ក្នុង​ត្រៃ​ភព ក៏​ត្រូវ​វិនាស​ព្រាត់​ប្រាស់​ដូច​គ្នា​ទាំង​អស់​ដែរ ព្រោះ​ការ​ព្រាត់​ប្រាស់​ចាក​សត្វ​នឹង​សង្ខារ​នេះ​ជា​ធម៌​សម្រាប់​ជន​ទូទៅ ។


ឱ ថ្ងៃ​នឹង​យប់​ចេះ​តែ​កន្លង​ទៅ​ហើយ​អាយុ​របស់​អាត្មា​អញ​ក៏​អស់​ទៅ តាម​ថ្ងៃ​នឹង​យប់​ដែល​កន្លង​ទៅ​នោះ​ដែរ​បច្ច័យ​នៃ​សេចក្ដី​ស្លាប់​របស់​ អាត្មា​អញ​មាន​ច្រើន​ក្រៃ​ពេក មាន​ទាំង​ខាង​ក្នុង​ទាំង​ខាង​ក្រៅ អាត្មា​អញ​មុខ​ជា​នឹង​ធ្វើ​កិរិយា​ដោយ​ហេតុ​នោះ ៗ ដោយ​អន្តរាយ​នោះ ៗ មិន​ខាន​ឡើយ” ។ កាល​បើ​បាន​ពិចារណា​តាម​ន័យ​នេះ​ហើយ ក៏​ជា​ឧបាយ​ឲ្យ​កើត​អប្បមាទ​ធម៌​ទាំង​អស់ ។


កាល​បើ​អប្បមាទ​ធម៌​កើត​ឡើង​ហើយ, បណ្ឌិត​គួរ​ស្ងួន​គ្រង​រក្សា​ថែ​ទាំ​អប្បមាទ​ធម៌​នោះ ដូច​ជា​បុគ្គល​សំឡឹង​ឃើញ​នូវ​ប្រយោជន៍​នៃ​ទ្រព្យ ហើយ​ខំ​ថែរក្ស​ទ្រព្យ​មិន​ឲ្យ​អន្តរាយ​ដូច្នោះ ព្រោះ​អប្បមាទធម៌​នេះ ព្រះ​សម្ពុទ្ធ​ជា​ម្ចាស់​ទ្រង់​ត្រាស់​ថា មាន​ឧបការៈ​ច្រើន​ណាស់ ជា​កំពូល​នៃ​ធម៌​ជា​កុសល​ឯ​ទៀត ៗ ។ ព្រោះ​ហេតុ​តែ​អប្បមាទធម៌ ជា​ធម៌​មាន​ឧបការ​ច្រើន ជា​ធម៌​ចំបង​ជាង​ធម៌​ជា​កុសល​ទាំង​ពួង ឬ​ថា​ជា​មាតាបិតា​នៃ​សេចក្ដី​សុខ​ចំរើន​ទួទៅ​ពិត​ប្រាកដ​មែន​ហើយ បាន​ជា​ព្រះ​បរម​គ្រូ សូម្បី​តែ​ទ្រង់​ហៀប​នឹង​រំលត់​ខន្ធ​ចូល​កាន់​បរម​និព្វាន​ហើយ ទ្រង់​បែរ​ព្រះ​ភ័ក្ត្រ​ឈម​ទៅ​រក​ភិក្ខុ​បរិស័ទ ដែល​អង្គុយ​គាល់ ព័ទ្ធ​ជុំ​វិញ​ព្រះ​អង្គ ទ្រង​មាន​ព្រះពុទ្ធ​ដីកា​ផ្ដាំ​ថា ហន្ទទានិ ភិក្ខវេ អាមន្តយាមិ វោ វយធម្មា សង្ខារា អប្បមាទេន សម្បាទេថា “ម្នាល​ភិក្ខុ​ទាំងឡាយ ! ឥឡូវ​នេះ​តថាគត​ផ្ដាំ​នូវ​អ្នក​រាល់​គ្នា សង្ខារ​ទាំងឡាយ​មាន​ការ​សូន្យ​ទៅ​ជា​ធម្មតា​អ្នក​រាល់​គ្នា​ចូរ​ញ៉ាំង​ ប្រយោជន៍​ឲ្យ​សម្រេច ដោយ​សេចក្ដី​ប្រមាទ​ចុះ” ។ ឥទំ បច្ឆិមពុទ្ធវចនំ នេះ​ជា​ព្រះ​ពុទ្ធ​ដីការ​ប្រៀន​ប្រដៅ​ពៅ​បំផុត​នៃ​ព្រះ​ពុទ្ធ​ជា​ម្ចាស់ ។ សេចក្ដី​មិន​ប្រមាទ​នេះ មាន​ទំនង​គួរ​នឹង​អធិប្បាយ​បាន​ច្រើន​ជា​អនេក ដូច​ជា​សេចក្ដី​មិន​ប្រមាទ​ក្នុង​ការ​ថែរក្សា​ខ្លួន ក្នុង​វ័យ​ទាំង​បី​វ័យ​ណា​មួយ, មិន​ប្រមាទ​ក្នុង​ការ​រៀន​សូត្រ​ចំណេះ​វិជ្ជា​ផ្សេង ៗ មិន​ប្រមាទ​ក្នុង​ការ​សំដែង មិន​ប្រមាទ​ក្នុង​ការ​ស្វែង​រក​ទ្រព្យ​សម្បត្តិ មិន​ប្រមាទ​ក្នុង​ការ​សន្សំ​កុសល​ជា​ដើម ទាំង​នេះ​ក៏​គួរ​ឃើញ​ថា​សេចក្ដី​មិន​ប្រមាទ​នេះ ជា​ប្រធាន​លើ​កិច្ច​ការ​គ្រប់​ជំពូក ។ សេចក្ដី​មិន​ប្រមាទ ពិត​មែន​តែ​មាន​ន័យ​ច្រើន​យ៉ាង តែ​បើ​រួម​ឲ្យ​ខ្លី​ទៅ​មាន​តែ​ត្រឹម​ពីរ​យ៉ាង គឺៈ ១- មិន​ប្រមាទ​ក្នុង​ការ​លះ ២- មិន​ប្រមាទ​ក្នុង​ការ​ចំរើន លំ​ដាប់​ពី​នេះ អត្មា​ភាព​សូម​អធិប្បាយ​នូវ​សេចក្ដី​មិន​ប្រមាទ​ទាំង​ពីរ​យ៉ាង​នេះ ដូច​ត​ទៅ​នេះ ៖ មិន​ប្រមាទ​ក្នុង​ការ​លះ បាបកម្ម គឺ​អំពើ​ដ៏​លាមក អំពើ​ដែល​ជា​ហេតុ​ញ៉ាំង​សត្វ​ឲ្យ​ទៅ​កើត​ក្នុង​ចតុរាបាយ អំពើ​ដែល​ញ៉ាំង​សត្វ​ឲ្យ​ក្ដៅ​ក្រហាយ​ស្ដាយ​ក្រោយ ព្រោះ​តែ​ការ​រង​ទុក្ខ​លំបាក​ទុគ្គតិ បុគ្គល​គួរ​លះ​បង់​គួរ​វៀរ​តម​កុំ​ធ្វើ ព្រោះ​ជា​អំពើ​នាំ​ឲ្យ​វិនាស​ខ្លួន ។ អកុសល​មូល​គឺ​ឫស​គល់​នៃ​អកុសល​ធម៌​ទាំង ៣ ប្រការ​គឺ​លោភៈ ទោសៈ មោហៈ បុគ្គល​គួរ​តែ​លះ​បង់ ព្រោះ​កុសល​មូល​ទាំង ៣ នេះ ជា​តួ​បាប​ផង ជា​មូល​ហេតុ​គឺ​ជា​ដើម​ចម​នាំ​ឲ្យ​ធ្វើ​អំពើ​បាប​ផង ។ បញ្ចវេរា​គឺ​អំពើ ៥ យ៉ាង​ដែល​បុគ្គល​ធ្វើ​ហើយ​នាំ​ឲ្យ​មាន​ពៀរ​វេរា​គឺ​ការ​សម្លាប់​សត្វ​មាន​ ជីវិត​មិន​កំណត់​ថា​ប្រុស​ស្រី​ចាស់​ក្មេង ទោះ​បី​សត្វ​តូច​ល្អិត ៗ ឬ​សត្វ​នៅ​ក្នុង​គភ៌, ការ​លួច​ទ្រព្យ​ដែល​គេ​មិន​បាន​ឲ្យ​ទោះ​បី​ថោក​ថ្លៃ តិច​ច្រើន​ក៏​ដោយ ឬ​ទ្រព្យ​ដែល​គេ​ឧទ្ទិស​ជា​ចំពោះ​សង្ឃ​ឬ​ក៏​ចំពោះ​សាសនា, ការ​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទាំង​ឡាយ គឺ​កិរិយា​ស្រឡាញ់​កួច​កាន់ ឬ​ប្រាថ្នា​ក្នុង​ផ្លូវ​ប្រវេណី ដែល​មិន​ត្រូវ​ប្រាថ្នា មិន​ត្រូវ​ប្រព្រឹត្ត​ជា​ហេតុ​ឲ្យ​សៅ​ហ្មង មាន​គំនុំ​គំគួន​នឹង​គ្នា​រវាង​ត្រកូល​ទូទៅ, ការ​កុហក គឺ​ការ​និយាយ​បំភ័ន្ត​អ្នក​ស្ដាប់​ឲ្យ​ចូល​ចិត្ត​ខុស ឲ្យ​យល់​ខុស ឲ្យ​យល់​ឃ្វាង​ចាក​គន្លង​ធម៌, ការ​ផឹក​សុរា​នឹង​មេរ័យ គឺ​ទឹក​ដែល​កើត​មក​អំពី​គ្រឿង​ត្រាំ​ផ្លែ​ឈើ ឬ​ធញ្ញជាតិ​ផ្សេង​ៗ គេ​ត្រាំ​ទុក​យូរ​ទាល់​តែ​ជូរ​ផ្អូម​ខ្លាំង​ក្លាយ​រសជាតិ​ទៅ​ជា​ស្រវឹង​ក្ដី គេ​យក​ធញ្ញ​ជាតិ​ស្ងោរ​រម្ងាស់​បិទ​ចំហុយ​យក​តំណក់​ញើស​នោះ​ក្ដី ធ្វើ​ដោយ​បែប​ផ្សេង​ៗ ទៀត​ក្ដី ទឹក​តម្រាំ ដែល​គេ​ដាក់​មេជាតិ​ស្រវឹង​ត្រាំ​ទុក​ឲ្យ​ចេញ​រសជាតិ ដូច​ទឹក​ត្នោត​ជូរ​ជា​ដើម​ក្ដី​ទោះ​បី​ខ្លាំង​ក្ដី ខ្សោយ​ក្ដី​ជា​ទឹក​ស្រវឹង​ជា​ទី​តាំង​នៃ​សេចក្ដី​ប្រមាទ ។ ទាំង ៥ នេះ​ហៅ​ថា​បញ្ចវេរា បុគ្គល​គួរ​លះ​បង់ គួរ​វៀរ​តម​កុំ​ធ្វើ ព្រោះ​សុទ្ធ​តែ​ជា​អំពើ​នាំ​ឲ្យ​មាន​ទោស​ទុក្ខ​ច្រើន​ប្រការ​ក្នុង​លោក​នេះ នឹង​បរលោក ដូច​ជា​ជាប់គុក​ច្រវាក់ វាយ​ដំ​ច្រំ​ធាក់​ស្ទើរ​តែ​ក្ស័យ​ប្រាណ ឬ​ក៏​កើត​ជា​ជម្លោះ​ទាស់​ទែង​ខ្វែង​គំនិត​គ្នា នាំ​ឲ្យ​មាន​ទោស​ទុក្ខ​ច្រើន​ប្រការ​ទៀត​ជា​ដើម​ឯ​បព្វជិត​គឺ​អ្នក​បួស​វិញ ក៏​ត្រូវ​លះ​អំពើ​ដែល​ទំនាស់​ទាស់​ខុស​នឹង​វិន័យ​សិក្ខា​ដូច​ជា​អនេសនៈ បាប​ធម៌ វេជ្ជកម្ម ទូត​កម្ម កុលទូសកកម្ម នឹង​អានាចារ​ផ្សេង​ៗ ជា​ដើម​ចោល​ចេញ​ដែរ ។


មែន​ពិត ភេទ​បព្វជិត​នេះ ជា​ភេទ​ឧត្ដមវិសេស​ប្លែក​ជាង​ភេទ​គ្រហស្ថ ត្រូវ​តែ​ឲ្យ​មាន​អប្បមាទ​ធម៌​ជានិច្ច​ដើម្បី​បំពេញ​កិច្ច​វត្ត​ផ្សេង​ៗ ឲ្យ​បាន​បរិបូណ៌ មិន​ត្រូវ​បណ្ដែត​បណ្ដោយ​ធ្វេស​ប្រហែស​ភ្លេច​ខ្លួន​ឡើយ ត្រូវ​តែ​ជា​អ្នក​តាំង​នៅ​ក្នុង​សីល ជា​គ្រឿង​រក្សា​កាយ​វាចា​មាន​សណ្ដាប់​ធ្នាប់ ឲ្យ​មាន​ឥន្ទ្រិយ​ស្រគត់​ស្រគំ​សមរម្យ​ល្អ​ត្រេក​អរ​ក្នុង​ករណីយកិច្ច​របស់​ ខ្លួន ជា​អ្នក​ឃើញ​ភ័យ​ក្នុង​ទោស​សូម្បី​បន្តិច​បន្តួច ប្រតិបត្តិ​មាន​ទំនង​នឹង​រើ​ខ្លួន​ឲ្យ​រួច​ចាក​ទុក្ខ គួរ​ឲ្យ​ជា​ទី​ជ្រះ​ថ្លា​មិន​ត្រូវ​ប្រហែស​បណ្ដែត​បណ្ដោយ ធ្លោយ​គំនិត​ឲ្យ​បាប​ធម៌​ញាំ​ញី​សង្កត់​សង្កិន​ចិត្ត ហើយ​ប្រព្រឹត្ត​ប្រទូស្ដ​បៀត​បៀន​អ្នក​ដទៃ​ឡើយ ។


បព្វជិត​ណា ដែល​មិន​អើ​ពើ​នឹង​វិន័យ​សិក្ខា មាន​អាការ​កិរិយា​ប្រព្រឹត្ត​ច្រឡើស​បើស​ឃ្នើស​ឃ្នង​ច្រឡោង​ខាម ខុស​ខ្នាត​វិន័យ បព្វជិត​នោះ​មិន​សម​ស័ក្ដិ​ជា​ភិក្ខុ ឬ​ជា​សមណសក្យ​បុត្រ​ឡើយ លុះ​តែ​បព្វជិត​ណា​ដែល​សង្រួម​កាយ វាចា ដោយ​ល្អ​តាម​វិន័យ សេក្ខិយវត្ត ដែល​ព្រះ​សុគត​ប្រញ័ប្តិ​ទុក​មក មាន​ចិត្ត​ស្ងប់​រម្ងាប់​ចាក​បាប​អកុសល បប្វជិត​នោះ ទើប​គួរ​ដល់​ឋានៈ​ជា​ភិក្ខុ​ជា​សមណ​សក្យ​បុត្រ​ពិត​ប្រាកដ​មែន ។ ម្យ៉ាង​ទៀត​កិច្ច​ការ​ណា ៗ ដែល​ប្រព្រឹត្ត​ទៅ​ដើម្បី​ខូច​ប្រយោជន៍​ខ្លួន​នឹង​អ្នក​ដទៃ​នោះ ៗ ជា​អំពើ​គួរ​លះ​ឲ្យ​ស្រឡះ​ចេញ ទោះ​បី​បន្តិច​បន្តួច​ស្ដួច​ស្ដើង​យ៉ាង​កិច្ច​ការ​ណា ក៏​មិន​គួរ​ប្រថុយ​ធ្វើ​ដែរ ។ ដែល​អធិប្បាយ​មក​នេះ​ក្នុង​សេចក្ដី​មិន​ប្រមាទ​ក្នុង​ការ​លះ ។ មិន​ប្រមាទ​ក្នុង​ការ​ចម្រើនកុសលកម្ម គឺ​អំពើ​ដែល​កំចាត់​បង់​នូវ​សេចក្ដី​អាក្រក់​ទូទៅ ជា​កម្ម​អាច​ញ៉ាំង​សត្វ​ឲ្យ​ដល់​នូវ​សុគតិ ជា​អំពើ​គួរ​ធ្វើ​ចម្រើន​ឲ្យ​កើត​មាន ។ និច្ចសីល គឺ​ជា​សីល​ដែល​គួរ​ប្រព្រឹត្ត​កាន់​រក្សា​ឲ្យ​ទៀង​ទាត់​អស់​កាល​ជា​និច្ច​ មិន​កំណត់​កាល​វេលា ។ ឧបោសថសីល ជា​សីល​គួរ​សមាទាន​រក្សា​តាម​កាល​កំណត់ ។ ធម្មចរិយា គឺ​ការ​ប្រព្រឹត្ត​ល្អ​ដោយ​កាយ​វាចា​ចិត្ត សម្រាប់​បណ្ដុះ​សេចក្ដី​ចំរើន ទប់​ទល់​នឹង​សេចក្ដី​វិនាស​ទាំង​អស់ គ្រហស្ថ​គួរ​ចំរើន​ឲ្យ​កើត​មាន​ឡើង ។ ចតុប្បារិសុទ្ធ​សីល នឹង​កិច្ច​ឯ​ទៀត ៗ ដូច​យ៉ាង​អភិសមា-ចារិវត្ត សេក្ដិយវត្ត ឧបជ្ឈាយវត្ត​ជា​ដើម បព្វជិត​ត្រូវ​ប្រព្រឹត្ត ដើម្បី​ឲ្យ​មាន​សណ្ដាប់​ធ្នាប់​សមរម្យ​ជា​ភិក្ខុ​សាមណេរ​ក្នុង​ពុទ្ធ​សាសនា​ ត​ទៅ ។ ម្យ៉ាង​ទៀត អំពើ​ណា ៗ ដែល​ប្រព្រឹត្ត​ទៅ​ដើម្បី​ប្រយោជន៍​ដើម្បី​សេចក្ដី​សុខ ចំរើន ដល់​នឹង​អ្នក​ដទៃ អំពើ​នោះ​ៗ ជា​អំពើ​គួរ​ចំរើន​ទោះ​បី​តិច​តួច​មិន​គួរ​ប្រមាទ​ដែរ គួរ​តែ​ចំរើន​ឲ្យ​កើត​ច្រើន​ឡើង​ដោយ​លំ​ដាប់​កុំ​ខាន ។ នេះ​ជា​សេចក្ដី​មិន​ប្រមាទ​ក្នុង​ការ​ចំរើន ។ រួប​រួម​សេចក្ដី​ដែល​បាន​អធិប្បាយ​មក​នេះ ឈ្មោះ​ថា​អប្បមាទធម៌​ជា​ធម៌​មាន​ឧបការៈ​ច្រើន​ជាង​កុសល​ធម៌​ទាំង​អស់ ។ ធម៌​នេះ​សប្បុរស​ទាំង​ឡាយ​គួរ​ស្ងួន​គ្រង​រក្សា​ទុក ជា​ធម៌​តែ​មួយ​ទេ តែ​មាន​ឧបការៈ​ច្រើន​សម​ដូច​ពុទ្ធភាសិត​ដែល​ពោល​មក​ក្នុង​ខាង​ដើម ។ អាត្មាភាព សំដែង​ធម៌​មក​នេះ​សម​គួរ​ដល់​កាល​វេលា​តែ​ប៉ុណ្ណេះ​ឯវំ ។ យំ យម្បិ បដ្ឋិតំ តុយ្ហំ តំ តំ សព្វំ សមិជ្ឈតុ ឥមិនា ធម្មទានេន សុខិតា ហោថ សាធវោ សេចក្ដី​ប្រាថ្នា​ណា ៗ ដែល​បុទ្ធ​បរិស័ទ្ធ​ប្រាថ្នា​ហើយ សេចក្ដី​ប្រាថ្ន​នោះ ៗ ទាំង​អស់ សូម​ឲ្យ​បាន​សម្រេច​កុំ​បី​ខាន ! ដោយ​អំណាច​នៃ​ធម្មទាន​នេះ សូម​ឲ្យ​ពុទ្ធបរិស័ទ្ធ​ទាំង​ឡាយ​បាន​សេចក្ដី​សុខ​គ្រប់​ប្រការ​កុំ​បី​ឃ្លាត !

រតនត្តយតេជេន កម្ពោជរដ្ឋវាសិនោ វុឌ្ឍឹ វិរុឡ្ហំ បប្បោន្តុ សន្តិភាវញ្ច នាញ្ញថា ដោយ​តេជៈ​នៃ​ព្រះ​រតនត្រ័យ គឺ​ព្រះ​ពុទ្ធ​ព្រះ​ធម៌ នឹង​ព្រះ​សង្ឃ​សូម​ឲ្យ​ប្រជាជន​ទាំង​ឡាយ អ្នក​នៅ​ក្នុង​កម្ពុជ្ជរដ្ឋ បាន​នូវ​សេចក្ដី​ចម្រើន​លូត​លាស់​នឹង​សន្តិភាព កុំ​បី​ឃ្លាត​ក្លាយ​ទៅ​ជា​ប្រការ​ដទៃ​ឡើយ ! ។

ប្រភពអត្ថបទៈ គេហទំព័រពុទ្ធសាសនបណ្ឌិត្យ


0 comments

Comments


bottom of page