top of page
from heaven.png

ព្រះពោធិសត្វទ្រង់ចុះចាប់បដិសន្ធិ

ព្រះពោធិសត្វ​លោក​បាន​បំពេញ​បារមី​ដែល​ជា​ពុទ្ធការកធម៌​រហូត​មក​ដល់​អត្តភាព​ជា ព្រះវេស្សន្ដរ បាន​បំពេញ​ទានបារមី​ដ៏​ប្រសើរ ហើយ​បាន​ចុតិ រួច​យាង​ទៅ​ចាប់​បដិសន្ធិ​ក្នុង​ស្ថាន​តុសិត​មាន​ឈ្មោះ​ថា សន្តុសិត​ទេវបុត្រ ។ ក្រោយ​មក ទេវតា​ទាំងឡាយ​មួយ​សែន​ចក្រវាល​បាន​ដឹង​ថា សន្តុសិត​ទេវបុត្រ​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​មួយ​អង្គ​ក្នុង​លោក ទើប​បាន​នាំ​គ្នា​ចូល​ទៅ​អារាធនា​ព្រះពោធិសត្វ​ឲ្យ​ចុះ​ចាប់​បដិសន្ធិ​ក្នុង ​មនុស្ស​លោក ។ ព្រះពោធិសត្វ​មិន​ទាន់​ទទួល​ពាក្យ​ប្ដេជ្ញា​របស់​ទេវតា​នោះ​ទេ ហើយ​សម្លឹង​មើល​ មហាវិលោកនៈ​ទាំង​៥ ​គឺ កាល​១ ទ្វីប​១ ប្រទេស​១ ត្រកូល​១ ព្រះមាតា​១ ។

  1. កាលៈ ជា​ធម្មតា​ព្រះពុទ្ធ​ទាំងឡាយ ព្រះអង្គ​មិន​ត្រាស់​ដឹង​ក្នុង​អាយុ​កាល​នៃ​មនុស្ស​លើស​ពី​មួយ​សែន​ឆ្នាំ និង​តិច​ជាង​មួយ​រយ​ឆ្នាំ ។ ព្រះពោធិសត្វ​តែង​តែ​ចុះ​មក​ត្រាស់​ដឹង​ក្នុង​លោក​ មនុស្ស​មាន​អាយុ​ចន្លោះ​ពី​មួយ​រយ​ឆ្នាំ​ទៅ​មួយ​សែន​ឆ្នាំ ។

  2. ទ្វីបៈ ព្រះពុទ្ធ​ទាំងឡាយ​ទ្រង់​ត្រាស់​ដឹង​ក្នុង​ជម្ពូទ្វីប​តែ​ម្យ៉ាង​ប៉ុណ្ណោះ ។

  3. ប្រទេសៈ ព្រះពុទ្ធ​ទាំង​ឡាយ​ទ្រង់​ត្រាស់ដឹង​ក្នុង​មជ្ឈិម​ប្រទេស​ប៉ុណ្ណោះ ។

  4. ត្រកូលៈ ព្រះពុទ្ធ​ទាំងឡាយ​មិន​បដិសន្ធិ​ក្នុង​ត្រកូល​វេស្សៈ និង​សូទ្រៈ​ឡើយ ។ លោក​បដិសន្ធិ​តែ​ក្នុង​ត្រកូល​ក្សត្រ និង​ត្រកូល​ព្រាហ្មណ៍​ប៉ុណ្ណោះ ។

  5. ព្រះមាតាៈ ពុទ្ធ​មាតា​មិន​មែន​ជា​អ្នក​មាន​លក្ខណៈ​ឡេះឡោះ មិន​សេព​សុរា​ជាដើម ជា​អ្នក​សាង​បារមី​ធម៌​មួយ​សែន​កប្ប​មក​ហើយ​ និង​ជា​អ្នក​មាន​សីល​៥ ស្អាត​បរិសុទ្ធ​ជានិច្ច ។

បន្ទាប់​ពី​ព្រះពោធិសត្វ​រមិល​មើល​មហាវិលោកកនៈ​ទាំង​៥​ហើយ ទ្រង់​ឃើញ​ជម្ពូទ្វីប​ជា​មង្គល​ចក្រវាល ឃើញ​កបិលពស្តុ​នគរ​ ស្ថិត​នៅ​ក្នុង​មជ្ឈិម​ប្រទេស ឃើញ​ត្រកូល​ក្សត្រ​ដ៏​ល្អ ឃើញ​ព្រះមាតា​ដ៏​បវរ​ក៏​បង្អោន​ចិត្ត​មក​បដិសន្ធិ​ក្នុង​មនុស្ស​លោក គឺ​ក្នុង​ត្រកូល​ក្សត្រ​ព្រះបាទ សុទ្ធោទនៈ និង​ព្រះនាង​សិរិមហាមាយា ជា​គោតម​គោត្រ ។ ព្រះពោធិសត្វ ​ចុះ​ចាប់​បដិសន្ធិ​ក្នុង​ផ្ទៃ​ព្រះនាង​សិរិមហាមាយា​នៅ​ថ្ងៃ​១៥​កើត​ពេញ​ បូណ៌មី ខែ​អាសាឍ មុន​ពុទ្ធ​សករាជ​៨០​ឆ្នាំ និង​១០​ខែ ។ ក្នុង​ខណៈ​ព្រះពោធិសត្វ​ចុះ​ចាប់​បដិសន្ធិ​នោះ លោកធាតុ​ទាំង​១​សែន​ចក្រវាល​កម្រើក​រំពើក​ញាប់​ញ័រ មាន​និមិត្ត​៣២​ប្រការ​កើត​ឡើង​ប្រាកដ​ក្នុង​ខណៈ​នោះ​គឺ ៖

១- ពន្លឺ​រក​ប្រមាណ​មិន​បាន​ផ្សាយ​ពេញ​១​សែន​ចក្រវាល​ ២- មនុស្ស​ងងឹត​ភ្នែក មាន​ពន្លឺ​មើល​ឃើញ​បាន ៣- មនុស្ស​ថ្លង់​ អាច​ស្ដាប់​ឮ​បាន ៤- មនុស្ស​គ​ អាច​និយាយ​បាន ៥- មនុស្ស​គម អាច​ខ្លួន​ត្រង់ ៦- មនុស្ស​ខ្វិន អាច​ដើរ​បាន ៧- សត្វ​ជាប់​ចំណង​ រួច​ផុត​ចំណង​បាន ៨- ភ្លើង​ក្នុង​នរក​រលត់ ៩- ពួក​សត្វ​មិន​មាន​សេចក្ដី​ស្រេក​ឃ្លាន ១០- សត្វ​តិរច្ឆាន​មិន​មាន​សេចក្ដី​ខ្លាច​គ្នា ១១- ជំងឺ​របស់​សត្វ​ទាំង​ពួង​ជា​សះ​ស្បើយ ១២- សព្វ​សត្វ​ទាំង​អស់​និយាយ​គ្នា​ដោយ​សេចក្ដី​ស្រលាញ់ ១៣- សេះ​ទាំងលាយ​បញ្ចេញ​សម្រែក​ដ៏​ពីរោះ ១៤- ដំរី​ទាំងឡាយ​បញ្ចេញ​សំឡេង​ស្រែក​ឡើង ១៥- តន្ត្រី​គ្រប់​ប្រភេទ​បញ្ចេញ​សំឡេង​គឹកកង​ដោយ​ខ្លួន​ឯង ១៦- កងដៃ​របស់​មនុស្ស​ប៉ះទង្គិច​គ្នា​បញ្ចេញ​សំឡេង​យ៉ាង​ពីរោះ ១៧- គ្រប់​ទិស​ទាំង​អស់​មាន​សភាព​ច្បាស់​ល្អ​មិន​ស្រអ័ព្ទ ១៨- ខ្យល់​ដ៏​ត្រជាក់​បក់​មក​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ​ដល់​សព្វ​សត្វ ១៩- ភ្លៀង​មិន​ត្រូវ​កាល​ធ្លាក់​ចុះ​មក ២០- ទឹក​ផុស​ចេញ​អំពី​ផែនដី ហើយ​ហូរ ២១- សត្វ​មិន​មាន​ហើរ​លើ​អាកាស ២២- ទឹក​ស្ទឹង​ឈប់​នឹង​ថ្កល់​មិន​ហូរ ២៣- ទឹក​មហាសមុទ្រ​មាន​រសជាតិ​ផ្អែម ២៤- ផ្កា​បទុម​៥​ប្រភេទ ផុស​រីក​ដេរដាស​ពេញ​ទឹក​គ្រប់​កន្លែង ២៥- ផ្កា​ឈើ​គ្រប់​ប្រភេទ ទាំង​លើ​គោក ទាំង​ក្នុង​ទឹក​ក៏​រីក​ឡើង ២៦- ផ្កា​បទុម ប្រភេទ​ដើម​ក៏​រីក​តាម​ដើម ២៧- ផ្កា​បទុម ប្រភេទ​មែក​ក៏​រីក​តាម​មែក ២៨- ផ្កា​បទុម ប្រភេទ​វល្លិ​ក៏​រីក​តាម​វល្លិ ២៩- ផ្កា​បទុម ប្រភេទ​ធាង​ជ្រែក​ផ្ទៃ​សិលា​ចេញ​ជា​ផ្កា​មួយ​រយ​ជាន់ៗ ៣០- ផ្កា​បទុម ប្រភេទ​សំយុង​ចុះ​ក៏​បាន​កើត​ឡើង ៣១- ភ្លៀង​ផ្កា​ក៏​ធ្លាក់​ចុះ​ពី​លើ​អាកាស ៣២- តន្ត្រី​ដ៏​ជា​ទិព្វ​ក៏​បញ្ចេញ​សូរ​សៀង​សំឡេង​យ៉ាង​ពីរោះ ។

សម័យ ​នោះ ក្រុងកបិលពស្តុ​មាន​ប្រារព្ធ​ពិធី​បុណ្យ​នក្ខត្តឫក្ស​ក្នុង​ខែ​អាសាឍ យ៉ាង​គគ្រឹក​គគ្រេង ។ មហាជន​ទាំង​ឡាយ​មាន​ចិត្ត​រីករាយ​នាំ​គ្នា​ចូល​រួម​បុណ្យ​នក្ខត្តឫក្ស​ នោះ ។ ចំណែក​ព្រះនាង​មហាមាយា​ទេវី​តាំង​ពី​ថ្ងៃ​៧ មុន​ថ្ងៃ​ពេញ​បូណ៌មី​ព្រះនាង​ក៏​ចូល​រួម​បុណ្យ​ដ៏​នក្ខត្តឫក្ស​នោះ​ជាមួយ​ មហាជន​ដែរ ។ តែ​ដល់​ថ្ងៃ​ពេញ​បូណ៌មី​ព្រះ​នាង​ក៏​ស្រង់​ទឹក​ក្រអូប ទ្រង់​លះបង់​ព្រះរាជទ្រព្យ​ចំនួន​៤​សែន​កហាបណៈ​ធ្វើ​ជា​ទាន ។ ព្រះនាង​ទ្រង់​អធិដ្ឋាន​ឧបោសថ ហើយ​យាង​ចូល​ទៅ​ក្នុង​បន្ទប់​ដ៏​មាន​សិរី ហើយ​ផ្ទំ​លើ​ព្រះសិរិសេយ្យាសនា ទ្រង់​ក៏​សុបិន​ឃើញ​ហេតុ​ដូច​ត​ទៅ​នេះ ៖

ស្ដេច ​មហារាជ​ទាំង​៤ មក​លើក​ព្រះនាង​ព្រម​ទាំង​សេយ្យាសនា ហើយ​នាំ​ទៅ​ព្រៃហេមពាន្ត ហើយ​ដាក់​លើ​ផ្ទៃ​មនោសិលា​មាន​ប្រមាណ​៦០​ប្រយោជន៍​ខាង​ក្រោម​ដើម​សាលព្រឹក្ស ​ដ៏​ធំ​មាន​ខ្នាត​៧​យោជន៍ ហើយ​នាំ​គ្នា​ឈរ​ក្នុង​ទី​ដ៏​សម​គួរ ។ លំដាប់​នោះ​ឯង ព្រះទេវី​របស់​ស្ដេច​មហារាជ​ទាំង​៤​បាន​នាំ​ព្រះនាង​ចុះ​ទៅ​កាន់​អនោត្ត​ ស្រះ ហើយ​ស្រង់​ទឹក​ថ្វាយ​ព្រះនាង​ដើម្បី​ជម្រះ​មន្ទិល​របស់​មនុស្ស​ចេញ ហើយ​ក៏​ថ្វាយ​សំពត់​ទិព្វ និង​យក​គ្រឿង​ដ៏​ក្រអូប​ផ្សេងៗ​មក​លាប​ព្រះកាយ ហើយ​យក​ផ្កា​ឈើ​ទិព្វ​មក​ថ្វាយ​ព្រះនាង​ទ្រង់​គ្រឿង​ផង​ដែរ ។ មិន​ឆ្ងាយ​អំពី​ទីនោះ មាន​កូន​ភ្នំ​ប្រាក់​មួយ​ដ៏​ស្អាត​ដែល​មាន​វិមាន​មាស​ដ៏​ប្រណីត​មួយ​ស្ថិត​ ក្នុង​នោះ ។ ស្ដេច​មហារាជ​ទាំង​៤​បាន​នាំ​ព្រះនាង​ទៅ​កាន់​ព្រះក្រឡា​បន្ទំ​លើ​សេយ្យសនា​ ទិព្វ​មាន​សីសៈ​បែរ​ទៅ​ទិស​ខាង​កើត​ក្នុង​វិមាន​មាស​នោះ ។ លំដាប់​នោះ​ឯង មាន​ដំរី​ពណ៌​ស​ដ៏​ប្រសើរ​ដើរ​ចុះ​ពី​កូន​ភ្នំ​មាស​ដែល​មិន​ឆ្ងាយ​អំពី​ វិមាន​នោះ ហើយ​ឡើង​មក​កាន់​ភ្នំប្រាក់​នា​ទិស​ខាង​ជើង បាន​យក​ប្រមោយ​មាន​ពណ៌​ដូច​ជា​ប្រាក់ ចាប់​ផ្កា​ឈូក​ពណ៌​ស​បញ្ចេញ​សំឡេង​កោញ្ចនាទ ចូល​ទៅ​កាន់​វិមាន​មាស​នោះ ហើយ​ប្រទក្សិណ​ជុំ​វិញ​ព្រះសេយ្យាសនា​ព្រះនាង​បី​ជុំ ហាក់​បី​ដូចជា​ជ្រែក​ចូល​តាម​ផ្ទៃ​ពោះ​ព្រះនាង​ខាង​ស្ដាំ​ក្នុង​ខណៈ​នោះ​ ឯង ។

លុះ​ព្រឹក​ឡើង ព្រះនាង​បាន​យក​សុបិន​នោះ​ទៅ​ក្រាប​ទូល​ព្រះរាជ​ស្វាមី​ឲ្យ​បាន​ ជ្រាប ។ ព្រះបាទ​សុទ្ធោទនៈ​ជា​ព្រះស្វាមី​បាន​ហៅ​ពួក​ព្រាហ្មណ៍​មក​ទស្សន៍​ទាយ​នូវ​ សុបិន​និមិត្ត​នោះ ។ ពួក​ព្រាហ្មណ៍​ហោរា​ទាំង​ឡាយ​ទស្សន៍​ទាយ​ថា ព្រះនាង​នឹង​មាន​បុត្រ​ជា​អ្នក​មាន​បុណ្យ​ដ៏​អស្ចារ្យ​ម្នាក់ ។ ព្រះពោធិសត្វ​ចុះ​ចាប់​បដិសន្ធិ​ក្នុង​ផ្ទៃ​ព្រះនាង​សិរិមហាមាយា​នៅ​ថ្ងៃ​ព្រហស្បតិ៍ ១៥​កើត​ពេញ​បូណ៌មី ខែ​អាសាឍ ។ កាល​ព្រះពោធិសត្វ​ចុះ​ចាប់​បដិសន្ធិ​នោះ ស្ដេច​មហារាជ​ទាំង​៤ គឺ​ព្រះបាទ​ធតរដ្ឋ វិរុឡ្ហៈ វិរូបក្ខៈ កុវេរៈ តាម​ថែរក្សា​ព្រះគភ៌​ជានិច្ច ។

ធម្មនិយាម​នៃ​ព្រះពោធិសត្វ

ព្រះពោធិសត្វ​ចាប់​បដិសន្ធិ​ប្រកប​ដោយ​ធម្មនិយាម​ដូច​ត​ទៅ ៖

  1. ព្រះពោធិសត្វ ​ច្យុត​ចាក​ស្ថាន​តុសិត ទ្រង់​មាន​សតិ​សម្បជញ្ញៈ​ចុះ​កាន់​ផ្ទៃ​នៃ​ព្រះមាតា ។ នេះ​ជា​ធម្មតា​របស់​ព្រះពោធិសត្វ​ក្នុង​វេលា​ដែល​ចុះ​កាន់​ផ្ទៃ​នៃ​ព្រះមាតា ​នុ៎ះ ។

  2. ព្រះពោធិសត្វ​ច្យុត​ចាក​ស្ថាន​តុសិត​ចុះ​ កាន់​ផ្ទៃ​នៃ​ព្រះមាតា ។ គ្រានោះ ពន្លឺ​ភ្លឺ​ស្វាង​ច្បាស់​រក​ប្រមាណ​មិន​បាន​ក្នុង​មនុស្ស​លោក ព្រម​ទាំង​ទេវលោក មារ​លោក ព្រហ្ម​លោក ក្នុង​ពពួក​សត្វ​ ព្រម​ទាំង​សមណ​ព្រាហ្មណ៍ ព្រម​ទាំង​មនុស្ស​ជា​សម្មតិ​ទេព ក៏​កើត​ប្រាកដ​ឡើង​ក្នុង​លោក គ្រប​សង្កត់​នូវ​ពន្លឺ​នៃ​ទេវតា​ទាំងឡាយ ។ នៅ​គ្រប់​ច្រកល្ហក ចន្លោះ​ភ្នំ ឬ​ក្នុង​រូង​ភ្នំ​ដែល​ធ្លាប់​មាន​អ័ព្ទ​ងងឹត​ពី​មុន​មក ពន្លឺ​ព្រះអាទិត្យ និង​ព្រះចន្ទ មិន​អាច​បំភ្លឺ​បាន ក៏​ទទួល​បាន​ពន្លឺ​ដ៏​ត្រចះ​ត្រចង់​នៃ​អានុភាព​របស់​ព្រះពោធិសត្វ​ក្នុង​ពេល ​នោះ ។ ពួក​សត្វ​ណា​ដែល​កើត​ឡើង​ក្នុង​ទីទាំង​នោះ សត្វ​អម្បាល​នោះ​ក៏​ស្គាល់​គ្នា​នឹង​គ្នា​ច្បាស់​ដោយ​សារ​ពន្លឺ​នោះ​ថា «អើ​ហ្ន៎​មាន​ពួក​សត្វ​ឯ​ទៀត​កើត​ក្នុង​ទី​នេះ​ដែរ» ។ លោកធាតុ​ទាំង​មួយ​ម៉ឺន​នេះ​ក៏​កក្រើក​រំពើក​ញាប់​ញ័រ ទាំង​ពន្លឺ​ដ៏​ភ្លឺ​ស្វាង​ច្បាស់​រក​ប្រមាណ​មិន​បាន ក៏​កើត​ប្រាកដ​ឡើង​ក្នុង​លោក​កន្លង​ទេវានុភាព​នៃ​ទេវតា​ទាំង​ឡាយ ។ នេះ​ជា​ធម្មតា​របស់​ព្រះពោធិសត្វ​ក្នុង​វេលា​ដែល​ចុះ​កាន់​ផ្ទៃ​នៃ​ព្រះមាតា ​នុ៎ះ ។

  3. ព្រះពោធិសត្វ​ចុះ​កាន់​ផ្ទៃ​ព្រះមាតា​មាន​ ទេវបុត្រ​៤​អង្គ​តែង​ចូល​ទៅ​រក្សា​ក្នុង​ទិស​ទាំង​៤ ដោយ​គិត​ថា កុំ​ឲ្យ​មនុស្ស និង​អមនុស្ស​ណា​នីមួយ​បៀត​បៀន​ព្រះពោធិសត្វ និង​ព្រះមាតា​នៃ​ព្រះពោធិសត្វ​នោះ​បាន​ឡើយ ។ នេះ​ជា​ធម្មតា​ក្នុង​វេលា​ដែល​ព្រះពោធិសត្វ​ចុះ​កាន់​ផ្ទៃ​នៃ​ព្រះមាតា​ នុ៎ះ ។

  4. ព្រះពោធិសត្វ​ចុះ​កាន់​ផ្ទៃ​នៃ​ព្រះមាតា ព្រះមាតា​នៃ​ព្រះពោធិសត្វ​ជា​អ្នក​មាន​សីល ដោយ​ប្រក្រតី ជា​អ្នក​វៀរ​ចាក​បាណាតិបាត វៀរ​ចាក​អទិន្នាទាន វៀរ​ចាក​កាមេ​សុមិច្ឆាចារ រៀរ​ចាក​មុសាវាទ វៀរ​ចាក​សុរាមេរយ​មជ្ជប្បមាទដ្ឋាន ។ នេះ​ជា​ធម្មតា​ក្នុង​វេលា​ដែល​ព្រះពោធិសត្វ​ចុះ​កាន់​ផ្ទៃ​នៃ​ព្រះមាតា​ នុ៎ះ ។

  5. ព្រះពោធិសត្វ​ចុះ​កាន់​ផ្ទៃ​នៃ​ព្រះមាតា ព្រះមាតា​នៃ​ព្រះពោធិសត្វ​មិន​មាន​ចិត្ត​ប្រកប​ដោយ​កាម​គុណ​ក្នុង​បុរស​ទាំង ​ឡាយ ព្រះមាតា​នៃ​ព្រះពោធិសត្វ​មិន​ដែល​មាន​បុរស​ណា​មួយ​មាន​ចិត្ត​ត្រេក​អរ​ ប្រព្រឹត្ត​កន្លង​បាន​ឡើយ ។ នេះ​ជា​ធម្មតា​ក្នុង​វេលា​ដែល​ព្រះពោធិសត្វ​ចុះ​កាន់​ផ្ទៃ​នៃ​ព្រះមាតា​ នុ៎ះ ។

  6. ព្រះពោធិសត្វ​ចុះ​កាន់​ផ្ទៃ​នៃ​ព្រះមាតា ព្រះមាតា​នៃ​ព្រះពោធិសត្វ​តែង​បាន​នូវ​កាមគុណ​ទាំង​៥​ជា​ប្រក្រតី ។ ព្រះមាតា​នៃ​ព្រះពោធិសត្វ​នោះ តែង​ស្កប់​ស្កល់​ប្រកប​ព្រម មាន​អ្នក​ផ្គាប់​បម្រើ​ដោយ​កាម​គុណ​ទាំង​៥ ។ នេះ​ជា​ធម្មតា​ក្នុង​វេលា​ដែល​ព្រះពោធិសត្វ​ចុះ​កាន់​ផ្ទៃ​នៃ​ព្រះមាតា​ នុ៎ះ ។

  7. ព្រះពោធិសត្វ​ចុះ​កាន់​ផ្ទៃនៃ​ព្រះមាតា អាពាធ​ណា​នីមួយ​ក៏​មិន​កើត​ឡើង​ដល់​ព្រះមាតា​នៃ​ព្រះពោធិសត្វ​ឡើយ ព្រះមាតា​នៃ​ព្រះពោធិសត្វ​មាន​តែ​សេចក្ដី​សុខ​ជា​ប្រក្រតី មាន​កាយ​មិន​លំបាក ។ មាតា​នៃ​ព្រះពោធិសត្វ​តែង​មើល​ឃើញ​ព្រះពោធិសត្វ​ហាក់​ដូចជា​ឋិត​នៅ​ក្រៅ​ ផ្ទៃ សព្វ​អវយវៈ​ទាំង​ធំ​ទាំង​តូច ប្រកប​ដោយ​ឥន្ទ្រិយ​ដ៏​បរិបូរ ។

ត្រឡប់ទៅបុណ្យអាសាឡ្ហបូជា...

bottom of page